សកម្មភាព​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការរៀបចំ​គម្រោង​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ឆ្លងដែន​

​នា​ថ្ងៃ ចន្ទ ១៣ កើត ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ព .​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការរៀបចំ​គម្រោង​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ឆ្លងដែន របស់​គណៈកម្មការ​ទ​ន្លេ​មេគង្គ​នៅ​ទី​រួម​ខេត្តកំពង់ធំ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ក្រសួង​ពាក់ព័ន្ធ និង​មន្ត្រី​ពាក់ព័ន្ធ​។
​កិច្ចប្រជុំ​មានបាន​ពិនិត្យ ផ្តល់យោបល់ និង​ឯកភាពគ្នា​នៅ​កម្រិត​ជាតិ លើ​សេចក្តីព្រាង​សំណើ​គម្រោង​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ឆ្លងដែន ក្នុង​ក្របខណ្ឌ​គណៈកម្មការ​ទន្លេមេគង្គ ចំនួន ០៤​គម្រោង​គឺ គម្រោង​ទី​១៖ ការរួមបញ្ចូល​គ្នា​នូវ​ការគ្រប់គ្រង​ទឹកជំនន់ និង​ភាពរាំងស្ងួត ជាមួយ​ការជូនដំណឹង​ជាមុន សម្រាប់​ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ គម្រោង​ទី​២៖ ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ទឹកជំនន់ និង​ភាពរាំងស្ងួត ដើម្បី​ធានា​នូវ​សន្តិសុខ​ទឹក​ក្នុង​តំបន់​ដីសណ្តរ​មេគង្គ គម្រោង​ទី​៣៖ ការអនុវត្ត​កសិកម្ម​ប្រកបដោយ​ភាព​ធន់​នឹង​អាកាសធាតុ​៖ ការពង្រឹង​ការ​បន្ស៊ាំ​ក្នុង​វិស័យ​កសិកម្ម​ក្នុង​អាង​ទន្លេមេគង្គ​ភាគ​ខាង ក្រោម និង​គម្រោង​ទី​៤៖ ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​អភិបាលកិច្ច និង​ការគ្រប់គ្រង​ទឹក​ឆ្លងដែន ដោយ​គិតពី​ការរួមបញ្ចូល​គ្នា​នូវ​ការគ្រប់គ្រង​អាង​ស្តុក​ទឹក និង​អាង​ស្តុក​ទឹក​ទំនប់​វា​រី​អគ្គិសនី ទៅក្នុង​យុទ្ធសាស្ត្រ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ក្នុង​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង 3S៕