ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ទទួលបន្ទុក​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ប្រជុំ​ពិនិត្យ​តាមដាន​ការអនុវត្ត​ការងារ​ប្រចាំត្រីមាស​ទី ១ ឆ្នាំ ២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប

​នា​ព្រឹក​ថ្ងៃ​អង្គារ ១៥ កើត ខែចេត្រ ឆ្នាំរោង ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ទទួលបន្ទុក​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ តាមដាន​លើ​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ប្រចាំត្រីមាស​ទី ១ ឆ្នាំ​២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប ដែលមាន​ការចូលរួម​ពី ឯកឧត្តម​អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង លោក​ទីប្រឹក្សា ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ។​

​សូម​ជម្រាបជូន​ថា កិច្ចប្រជុំ​នេះ គឺ​ដើម្បី (១). ពិនិត្យ​តាមដាន​វឌ្ឍនភាព​នៃ​ការអនុវត្ត​ការងារ ស្រប​នឹង​តួនាទី​ភារកិច្ច​ការទទួលខុសត្រូវ និង​គម្រោង​សកម្មភាព​អនុវត្តបាន​ដាក់ចេញ​នៅក្នុង​ផែនការ​ប្រចាំឆ្នាំ ២០២៤ សម្រាប់​ត្រីមាស​ទី​១ របស់​អគ្គលេខាធិការ​ដ្ឋា​ន​អាជ្ញាធរ​ទន្លេសាប ផ្តោត​សំខាន់​លើ​លទ្ធផល​ការងារ បញ្ហា​ប្រឈម និង​គោលដៅ​អនុវត្ត​បន្ត និង (២) ពង្រឹង​យន្តការ​ការងារ ក្នុង​ក្របខ័ណ្ឌ​ប្រសិទ្ធភាព​ការងារ​ផ្ទៃក្នុង ឱ្យ​ដើរ​ទន្ទឹមនឹង​បរិបទ​ការងារ​របស់​សង្គម និង​បរិការណ៍​ឌីជីថល ។ ឯកឧត្តម ក៏បាន​លើកឡើង​ផងដែរ អំពី​សារៈសំខាន់​របស់​ព័ត៌មាន​-​ទិន្នន័យ ដែល​ទទួល​ពី​ការសិក្សា​ស្រាវជ្រាវ​នៅ​តំបន់​ជុំវិញ​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ​របស់​អាជ្ញាធរ​ទន្លេសាប ស្រប​ពេលដែល​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​នានា ត្រូវការ​ជា​ចាំបាច់ ក្នុងការ​រៀបចំ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ គម្រោង​/​កម្មវិធី និង​រួមគ្នា​ដោះស្រាយ​លើ​បញ្ហា​ប្រឈម ដែល​បាន និង​កំពុងតែ​កើតឡើង​នៅក្នុង​តំបន់​បឹង​ទន្លេសាប ដូចជា វិស័យ​កសិកម្ម  បរិស្ថាន ធនធានទឹក ជលផល សេដ្ឋកិច្ចសង្គម និង​សុខភាព​អនាម័យ ជាដើម ។​

​បន្ទាប់មក​កិច្ចប្រជុំ បានធ្វើ​សេចក្តីរាយការណ៍ អំពី​លទ្ធផល​អនុវត្ត​ការងារ​ក្នុង​រយៈពេល ៣ ខែ​កន្លងមក តាមរយៈ​សកម្មភាព​អនុវត្ត​របស់​ឯកឧត្តម​អគ្គលេខាធិការ ឯកឧត្តម​អគ្គលេខាធិការរង លោក​ទីប្រឹក្សា និង​នាយកដ្ឋាន​ទាំង​៤ ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន លើ​លទ្ធផល​សម្រេចបាន បញ្ហា​ប្រឈម ទិសដៅ​បន្ត និង​ពិភាក្សា​រួចមក ។ ឯកឧត្តម​ប្រធាន​អង្គប្រជុំ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការអនុវត្ត​នូវ​តួនាទី​ភារកិច្ច ការទទួលខុសត្រូវ និង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​ក្នុង​ត្រីមាស​ទី​១ និង​ការអនុវត្ត​បទបញ្ជារ​បស់​រាជរដ្ឋាភិបាល ក្នុងការ​កំណត់​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​តំបន់​១ តំបន់​២ និង​តំបន់​៣ នៃ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប  ។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម​ប្រធាន​អង្គប្រជុំ ក៏បានផ្តល់​ការណែនាំ​ដល់ ឯកឧត្តម​អគ្គលេខាធិការ ត្រូវ​សហការ​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីក្រោមឱវាទ​អគ្គលេខាធិការដ្ឋាន បន្ត​យកចិត្តទុកដាក់​ពង្រឹង​ការងារ​បន្ថែម ពិនិត្យ ដោះស្រាយ​បញ្ហា​ប្រឈម ដែល​បានលើកឡើង និង​បានធ្វើឱ្យ​រាំងស្ទះ​ការងារ​នៅក្នុង​ត្រីមាស​ទី ១ នេះ ដើម្បី​កែលម្អ​ការអនុវត្ត​នៅ​ត្រីមាស​ទី ២ ឱ្យ​ទទួលបាន​ជោគជ័យ និង​មាន​ប្រសិទ្ធភាព និង​ទទួលបាន​ឯកសារ​របាយការណ៍​ប​ច្ចេកទេស​សិក្សា​ស្រាវជ្រាវ​ប្រកបដោយ​គុណ​វុ​ឌ្ឍ ។  

​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ ឯកឧត្តម​ប្រធាន​អង្គប្រជុំ ក៏បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប ជូន​ដល់​ឯកឧត្តម លោក លោកស្រី បន្ត​យកចិត្តទុកដាក់ និង​ជម្រុញ​ការអនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព រួមមាន ៖
១. ជម្រុញ​បង្កើតឱ្យមាន Tonle Sap E-library និង​ពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ (Media) របស់​អាជ្ញាធរ​ទន្លេសាប​
២. ពង្រឹង​ប្រសិទ្ធភាព​គ្រប់គ្រង​ទិន្នន័យ​-​ព័ត៌មាន (Sever ) ដោយមាន​ការចូលរួម​កាន់តែ​សកម្ម​ក្នុងការ​បញ្ចូល​-​ចែករំលែក​ទិន្នន័យ​-​ព័ត៌មាន​
៣. ពង្រឹង​ការសិក្សា​ស្រាវជ្រាវ និង​ផលិត​របាយការណ៍​រប​ក​គំហើញ​ការសិក្សា​ស្រាវជ្រាវ ដើម្បី​ជូន​រាជរដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជ្រាប​ជា​របាយការណ៍ និង​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុងការ​ចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល 
៤. បន្ត​ការយកចិត្តទុកដាក់​ស​ម្រ​ប​សម្រួល និង​ពង្រឹង​កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន និង​ដៃគូរ​ពាក់ព័ន្ធ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ចូលរួម​អនុវត្ត​សកម្មភាព​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​បឹង​ទន្លេសាប និង​តំបន់​ពាក់ព័ន្ធ 
៥. បន្ត​ពង្រឹង​អភិបាលកិច្ច​ការងារ កសាង​សមត្ថភាព​ដល់​មន្ត្រី និង​លើកទឹកចិត្ត​មន្ត្រី​សកម្ម ។​

​សូមបញ្ជាក់ថា ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៤ របស់​អគ្គលេខាធិការ​ដ្ឋា​ន អាជ្ញាធរ​ទន្លេសាប សម្រាប់​គាំទ្រ​ផែនការ​យុទ្ធសាស្ត្រ អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨  ត្រូវបាន​ដាក់ឱ្យ​ដំណើរ​អនុវត្ត​កាលពី​ថ្ងៃទី ២៥ ខែមករា ឆ្នាំ​២០២៤ ដែលមាន​សកម្មភាព​ចំនួន ២៨ ហើយ​សកម្មភាព​ទាំង​នោះបាន​បន្ស៊ី​ជាមួយនឹង​សកម្មភាព​យុទ្ធ​ស្រា​ស្ត្រ ទិសដៅ​យុទ្ធសាស្ត្រ និង​គោលដៅ​យុទ្ធសាស្ត្រ នៃ​ផែនការ​យុទ្ធសាស្ត្រ អាជ្ញាធរ​ទន្លេសាប (២០២៤-២០២៨)​។