កិច្ចប្រជុំ​ពិភាក្សា​ការងារ រវាង​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប ជាមួយ​មន្ត្រី​បច្ចេកទេស​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​អ្នកបច្ចេកទេស​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC)

​នា​ព្រឹក​ថ្ងៃ​ចន្ទ ១៥​រោច ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២៤ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​អាជ្ញាធរ​ទន្លេ​សាប បាន​ជួបប្រជុំ​ពិភាក្សា​ការងារ រវាង​ក្រុមការងារ​បច្ចេកទេស​អា​ជ្ញា​ធរ​ទន្លេសាប ជាមួយ​មន្ត្រី​បច្ចេកទេស​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន និង​អ្នកបច្ចេកទេស​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន​(CRBC) លើ  ករណី​ស្នើសុំ​ការផ្ដល់​ព័ត៌មាន និង​ឯកសារ ទិន្នន័យ​ពាក់ព័ន្ធ​នឹង​តំបន់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ទន្លេសាប ដើម្បី​ជួយ​សម្រួល​ដល់​ការសិក្សា​គម្រោង​ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ពី រាជធានី​ភ្នំពេញ​-​ខេត្តសៀមរាប​-​ក្រុង​ប៉ោយប៉ែត ។ 

​គោលបំណង​នៃ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​នេះ​គឺ ស្នើសុំ​ការចូលរួម​សហការ​កា​រងារ និង​ពិនិត្យ​លទ្ធភាព​ការផ្តល់​ទិន្នន័យ​-​ព័ត៌មាន និង​ឯកសារ​របាយការណ៍​ប​ច្ចេកទេស​ពាក់ព័ន្ធ ជា​ជំនួយ​សម្រួល​ដល់​ការសិក្សា វិភាគ​ការជ្រើសរើស​ខ្សែ​ផ្លូវ​អាទិភាព គម្រោង​ផ្លូវ​ល្បឿន​លឿន​។ 

​ជា​លទ្ធផល​កិច្ចប្រជុំ​ពិភាក្សា ក្រុមការងារ​បច្ចេកទេស បាន​ឯកភាព​លើ​ចំណុច​រួមមាន ៖
- បាន​ឯកភាពគ្នា​ក្នុង​កិច្ចសហការ​ការងារ ការចែករំលែក​ទិន្នន័យ​-​ព័ត៌មាន និង​ឯកសារ​របាយការណ៍​ប​ច្ចេកទេស​
- ឱ្យមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ថ្នាក់ដឹកនាំ និង​អ្នកជំនាញ​បច្ចេកទេស ពី​អាជ្ញាធរ​ទន្លេសាប លើ​កិច្ចការងារ​ពិភាក្សា រួមទាំង​ការសិក្សា ការវាយតម្លៃ​ផលប៉ះពាល់​ធនធានធម្មជាតិ និង​សង្គម ក្នុង​តំបន់​ទន្លេសាប​
- បន្ត​យន្តការ​កិច្ចសហការ​ណ៍ ក្រុមការងារ​បច្ចេកទេស​លើ​ការផ្លាស់ប្តូរ ចែករំលែក​ព័ត៌មាន​-​ទិន្នន័យ​រវាង​ស្ថាប័ន​អាជ្ញាធរ​ទន្លេសាប និង​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ដើម្បីឱ្យ​ការសិក្សា​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ដែល​ត​ភ្ជាប់​ពី រាជធានី​ភ្នំពេញ​-​ខេត្តសៀមរាប​-​ក្រុង​ប៉ោយប៉ែត បញ្ចប់​តាម​ការគ្រោងទុក និង​ប្រកបដោយ​ប្រសិទ្ធភាព ៕