ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម ដឹកនាំ​ពិភាក្សា​កិច្ចការ​បច្ចេកទេស​គ្រប់គ្រង​របប​ជល​សាស្ត្រ​នៅ​តំបន់​បឹង​ទន្លេសាប

​នា​ព្រឹក​ថ្ងៃ​ចន្ទ ១៥​រោច ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២៤ នៅ​សាលប្រជុំ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង លោក ហេង បូរាណ ជំនួយការ​អនុប្រធាន​ក្តាប់​រួម លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន លោក ខ្វាន់ ភក្ត្រា អនុប្រធាននាយកដ្ឋាន​ធនធានធម្មជាតិ និង​មន្ត្រី​ថ្នាក់​ការិយាល័យ​ធនធានទឹក ដើម្បី​ពិនិត្យ និង​ប្រមូល​ព័ត៌មាន ទិន្នន័យ នៃ​ស្ថានីយ​ជល​សាស្ត្រ​ពាក់ព័ន្ធ​នឹង​របប​ទឹក​នៅក្នុង​តំបន់​បឹង​ទន្លេសាប ទាំង​រដូវប្រាំង និង​រដូវវស្សា (​លំហូរ​ចូល​-​ចេញ​, កម្ពស់​ទឹក​, ធារទឹក ។​ល​។​) សម្រាប់ធ្វើ​ការវិភាគ និង​រៀបចំ​របាយការណ៍​បច្ចេក​ទេស​របប​ជលសា​ស្ត្រ នៅ​តំបន់​ទន្លេសាប​ជូន​ថ្នាក់ដឹកនាំ ក៏ដូចជា​រាជរដ្ឋាភិបាល និង​ធ្វើការ​ផ្សព្វផ្សាយ ដោយ​ធ្វើការ​សម្របសម្រួល​កិច្ចសហការ​ជាមួយ​នាយកដ្ឋាន​ជលសា​ស្ត្រ និង​ការងារ​ទន្លេ (​ក្រសួង​ធនធានទឹក និង​ឧតុនិយម​) គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា មជ្ឈមណ្ឌល​គ្រប់គ្រង​គ្រោះទឹកជំនន់ និង​រាំងស្ងួត​ប្រចាំ​តំបន់ (​គណៈកម្មការ​មេគង្គ​) និង​ខេត្ត​ទាំង ៨ ក្នុង​តំបន់​ទន្លេសាប (​ខេត្តកណ្តាល​, កំពង់ចាម​, កំពង់ធំ​, សៀមរាប​, បន្ទាយមានជ័យ​, បាត់ដំបង​, ពោធិ៍សាត់​, និង​កំពង់ឆ្នាំង​) ។​

​សូម​ជម្រាប​ផងដែរ​ថា កាលពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២៤ កន្លងទៅនេះ ក្រុមការងារ​បច្ចេកទេស​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប  ដឹកនាំ​ដោយ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ ក៏បាន​ជួបពិភាក្សា​លើ​កិច្ចការ​ជលសា​ស្ត្រ និង​ឧតុនិយម ជាមួយ​ក្រុមការងារ​ប​ច្ចេកទេស​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដឹកនាំ​ដោយ លោកជំទាវ សិទ្ធ វណ្ណា​រ៉េត ទីប្រឹក្សា​ក្រសួង លើ​បញ្ហា​កិច្ចសហប្រតិបត្តិការ​ចែក​រំលែក​ព័ត៌មាន ទិន្នន័យ​ស្ថានីយ​ជល​សាស្ត្រ​ទាំង ៨ នៅ​តំបន់​ទន្លេសាប ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ទន្លេសាប ។​

​សូមបញ្ជាក់ថា បឹង​ទន្លេសាប មាន​ទំនាក់ទំនង​នឹង​ទន្លេមេគង្គ តាមរយៈ​ទន្លេសាប ដែលជា​ប្រព័ន្ធ​ផ្លូវទឹក​ដ៏​សំខាន់ ទទួល​ឥទ្ធិពល​របប​ទឹក​ពី​ទន្លេមេគង្គ​នៅ​រដូវវស្សា និង​ហូរ​ត្រឡប់​ទៅ​ទន្លេមេគង្គ​វិញ​នៅ​រដូវប្រាំង ដែលជា​បាតុភូត​ដ៏​កម្រ​មួយ​ក្នុង​ពិភពលោក ។ ជាទូទៅ​ទឹក​ក្នុង​បឹង​ទន្លេសាប​នៅ​រដូវវស្សា​បានមកពី​ទន្លេមេគង្គ​ប្រមាណ ៦២​ភាគរយ និង ៣៨​ភាគរយ ទៀត បានមកពី​បណ្តា​ស្ទឹងធំៗ​ជុំវិញ​បឹង​ទន្លេសាប​ទាំង ១១ ស្ទឹង ៕