នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង លោក ហេង បូរាណ ជំនួយការអនុប្រធានក្តាប់រួម លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋាន លោក ខ្វាន់ ភក្ត្រា អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ និងមន្ត្រីថ្នាក់ការិយាល័យធនធានទឹក ដើម្បីពិនិត្យ និងប្រមូលព័ត៌មាន ទិន្នន័យ នៃស្ថានីយជលសាស្ត្រពាក់ព័ន្ធនឹងរបបទឹកនៅក្នុងតំបន់បឹងទន្លេសាប ទាំងរដូវប្រាំង និងរដូវវស្សា (លំហូរចូល-ចេញ, កម្ពស់ទឹក, ធារទឹក ។ល។) សម្រាប់ធ្វើការវិភាគ និងរៀបចំរបាយការណ៍បច្ចេកទេសរបបជលសាស្ត្រ នៅតំបន់ទន្លេសាបជូនថ្នាក់ដឹកនាំ ក៏ដូចជារាជរដ្ឋាភិបាល និងធ្វើការផ្សព្វផ្សាយ ដោយធ្វើការសម្របសម្រួលកិច្ចសហការជាមួយនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ (ក្រសួងធនធានទឹក និងឧតុនិយម) គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះទឹកជំនន់ និងរាំងស្ងួតប្រចាំតំបន់ (គណៈកម្មការមេគង្គ) និងខេត្តទាំង ៨ ក្នុងតំបន់ទន្លេសាប (ខេត្តកណ្តាល, កំពង់ចាម, កំពង់ធំ, សៀមរាប, បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, និងកំពង់ឆ្នាំង) ។
សូមជម្រាបផងដែរថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមការងារបច្ចេកទេសអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ ក៏បានជួបពិភាក្សាលើកិច្ចការជលសាស្ត្រ និងឧតុនិយម ជាមួយក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ លោកជំទាវ សិទ្ធ វណ្ណារ៉េត ទីប្រឹក្សាក្រសួង លើបញ្ហាកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាន ទិន្នន័យស្ថានីយជលសាស្ត្រទាំង ៨ នៅតំបន់ទន្លេសាប ដែលគ្រប់គ្រងដោយអាជ្ញាធរទន្លេសាប ។
សូមបញ្ជាក់ថា បឹងទន្លេសាប មានទំនាក់ទំនងនឹងទន្លេមេគង្គ តាមរយៈទន្លេសាប ដែលជាប្រព័ន្ធផ្លូវទឹកដ៏សំខាន់ ទទួលឥទ្ធិពលរបបទឹកពីទន្លេមេគង្គនៅរដូវវស្សា និងហូរត្រឡប់ទៅទន្លេមេគង្គវិញនៅរដូវប្រាំង ដែលជាបាតុភូតដ៏កម្រមួយក្នុងពិភពលោក ។ ជាទូទៅទឹកក្នុងបឹងទន្លេសាបនៅរដូវវស្សាបានមកពីទន្លេមេគង្គប្រមាណ ៦២ភាគរយ និង ៣៨ភាគរយ ទៀត បានមកពីបណ្តាស្ទឹងធំៗជុំវិញបឹងទន្លេសាបទាំង ១១ ស្ទឹង ៕