បន្ទាប់ពីក្រុមមន្ត្រីបច្ចេកទេសផែនទី អាជ្ញាធរទន្លេសាប សហការជាមួយមន្ត្រីជនបង្គោលអាជ្ញាធរទន្លេសាប (មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់) និងអាជ្ញាធរដែនដី បានចុះពិនិត្យផ្ទៀងផ្ទាត់និយាមកាចំនួន ១៤៦ ចំនុចនៅក្នុងខេត្តពោធិ៍សាត់បានត្រឹមត្រូវ នៅថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ លោក ឡុក សីលា ប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងសហប្រតិបត្តិការ អមដោយមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប បានចុះពិនិត្យការសាងសង់បង្គោលព្រំតំបន់ ៣ ការពារដែនព្រៃលិចទឹក និងព្រៃលិចទឹក ស្ថិតក្នុងទីតាំងភូមិសាស្ត្រភូមិផ្លូវលួង ឃុំកញ្ជរ និងភូមិធ្លក ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
សូមជម្រាបថា អាជ្ញាធរទន្លេសាប ត្រូវបានរាជរដ្ឋាភិបាល សម្រេចឱ្យទទួលខុសត្រូវ ពង្រឹងការអនុវត្តភារកិច្ចស្របតាមសមត្ថកិច្ចកំណត់ និងជំរុញបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីតំបន់១ តំបន់២ និងតំបន់៣ នៃតំបន់ទន្លេសាប និងធ្វើការបោះបង្គោលព្រំស្របតាមលក្ខណៈបច្ចេកទេស (សេចក្តីជូនដំណឹងលេខ ១៨៨ សជណ.ដប ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤)៕