ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ ស្តីពី​ការអភិវឌ្ឍន៍​សមត្ថភាព​ទិន្នន័យ​នយោបាយ​ទឹក ក្រោម​កម្មវិធី​អភិបាលកិច្ច​ទឹក​តំបន់​មេគង្គ​

​តប​តាម​ការអញ្ជើញ​របស់​អង្គការ OXFAM និង​បានទទួល​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​រសៀល​ថ្ងៃ​អង្គារ ៩​រោច ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២ ខែមេសា ឆ្នាំ​២០២៤  ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម និង​លោក ហេង បូរាណ ជំនួយការ​ឯកឧត្តម​អនុប្រធាន​ក្តាប់​រួម បាន​ចូលរួម​ចែករំលែក​ការយល់ដឹង​លើ​ទស្សនៈវិស័យ​យុទ្ធសាស្ត្រ របស់​អាជ្ញាធរ​ទន្លេសាប​ក្នុងការ​គ្រប់គ្រង​បឹង​ទន្លេសាប ក្នុង​កិច្ចប្រជុំ​ការអភិវឌ្ឍន៍​សមត្ថភាព​ទិន្នន័យ​នយោបាយ​ទឹក ក្រោម​កម្មវិធី​អភិបាលកិច្ច​ទឹក​តំបន់​មេគង្គ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ Palace Gate Hotel & Resort, Phnom Penh និង​មានការ​ចូលរួម​ពី​ក្រុមមន្ត្រី​គ្រប់គ្រង​កម្មវិធី​អភិបាលកិច្ច​មេគង្គ OXFAM ។​

​សូមជម្រាបថា កិច្ចប្រជុំ​ខាងលើ មាន​គោលបំណង (១). លើកកម្ពស់​សមត្ថភាព​ក្រុមមន្ត្រី ក្នុងការ​គាំទ្រ​ភាគី​/​សហគមន៍​គោលដៅ​ពាក់ព័ន្ធ ឱ្យមាន​លទ្ធភាព​ទទួល​បាន​នូវ​ព័ត៌មាន ទិន្នន័យ និង​ចំណេះដឹង សម្រាប់​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ និង​ភាព​ធន់ និង​លទ្ធភាព​ក្នុងការ​ចែករំលែក​ព័ត៌មាន និង​បទពិសោធន៍​ជាមួយ​អ្នកប្រើប្រាស់​/​សហគមន៍​ផ្សេងទៀត (២).​ធានាបាន​នូវ​គណនេយ្យភាព​ខ្ពស់ និង​ទំនួល​ខុសត្រូវ​រាល់​សកម្មភាព​អនុវត្តន៍ ព្រមជាមួយ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការអន្តរាគមន៍​នៃ​វដ្ត​ជីវិត​ដែល​ពាក់ព័ន្ធ​ប្រកបដោយ​និរន្តរភាព​។​

​ជារួម បន្ទាប់ពី​ការចូលរួម​ចែករំលែក​គំនិត​ទស្សនៈទាន​របស់​ថ្នាក់ដឹកនាំ អាជ្ញាធរ​ទន្លេសាប ចំពោះ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​វែង របស់​អាជ្ញាធរ​ទន្លេសាប ជាមួយនឹង​ការគ្រប់គ្រង​បឹង​ទន្លេសាប ដោយ​បន្ស៊ី​ជាមួយ​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ។ អង្គប្រជុំ បាន​យកចិត្តទុកដាក់ និង​ចាប់អារម្មណ៍​ជាខ្លាំង ជាមួយនឹង​កិច្ចការ​ដំណើរការ​ការងារ​រប​ស់​អាជ្ញាធរ​ទន្លេសាប បាននិងកំពុង​គិតគូរ​ដោយ​ហ្មត់ចត់​ចំពោះ​វិធានការ​ការពារ​ថែរក្សា អភិរក្ស និង​គ្រប់គ្រង​ធនធានទឹក ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប ដែល​បច្ចុប្បន្ន​បឹង​ទន្លេសាប បាននិងកំពុង​តែ​ទទួលរង​នូវ​ផលប៉ះពាល់​បណ្តាលមកពី​ការអភិវឌ្ឍន៍​ហួស​កម្រិត វិសមភាព​នៃ​ការ​ទាញ​អត្ថប្រយោជន៍ និង​បម្រែបម្រួល​អាកាសធាតុ ។ ក្នុងនោះដែរ អង្គប្រជុំ​ក៏បាន​គិតគូរ នឹង​រៀបចំ​នូវ​កម្មវិធី​ការងារ​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ អាជ្ញាធរ​ទន្លេសាប ដើម្បី​ចូលរួមចំណែក​គាំទ្រ​ដល់​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ទន្លេសាប​ប្រកបដោយ​ចីរភាព​៕