បន្ទាប់ពីជំនួបពិភាក្សាការងាររវាង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប ជាមួយប្រតិភូធនាគារពិភពលោក លោកស្រី Maria Angelica Sotomayor ប្រធានទទួលបន្ទុកផ្នែកទឹកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ។ នៅថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម ជាមួយនឹងក្រុមការងារមន្ត្រីបច្ចេកទេសអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមគណៈប្រតិភូធនាគារពិភពលោក លោកស្រី Maria Angelica Sotomayor ចុះពិនិត្យស្វែងយល់ពីស្ថានភាពទូទៅ និងការរស់នៅរបស់ប្រជាពលរដ្ឋភូមិបណ្តែតទឹកក្នុងតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
សូមជម្រាបថា ក្នុងដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូធនាគារពិភពលោកនៅទីតាំងផ្នែកមួយនៃតំបន់បឹងទន្លេសាប គឺដើម្បីផ្តួចផ្តើមគំនិតពីការគិតគូរដោយហ្មត់ចត់ចំពោះការរៀបចំនូវការគ្រប់គ្រងធនធានទឹក និងធនធានធម្មជាតិ បរិស្ថានតំបន់អាងបឹងទន្លេ សាបសម្រាប់កំណើនប្រកបដោយចីរភាព ដោយធ្វើការវាយតម្លៃលើស្ថានភាពទូទៅរបស់អាងបឹងទន្លេសាបជាមួយនឹងការរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលវែងក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ទន្លេសាប ដែលមាន អាជ្ញាធរទន្លេសាប ជាស្ថាប័នសេនាធិការឱ្យរាជរដ្ឋាភិបាល ដែលជាស្ថាប័នមួយ ដើរតួនាទីយ៉ាងសំខាន់លើកិច្ចការសម្របសម្រួលអន្តរវិស័យ ក្នុងតំបន់អាងទន្លេសាប។
សូមជម្រាបជូនថា បេសកកម្មរយៈពេលមួយថ្ងៃនេះ គណៈប្រតិភូ បានចុះពិនិត្យដល់ទីតាំងជាក់ស្តែង និងបានស្វែងយល់ជាបឋមលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ដែលពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ទឹក, គុណភាពទឹក, ការគ្រប់គ្រងថង់ប្លាស្ទិក និងការបញ្ចេញចោលរាល់កាកសំណល់ទៅក្នុងទឹកបឹង ដែលផ្សារភ្ជាប់ទៅនឹងសុខុមាលភាពរបស់បឹងទាំងមូល ជាមួយនឹងការស្វែងយល់ពីការរស់នៅរបស់ប្រជាពលរដ្ឋនៅភូមិបណ្តែតទឹក ដែលរស់នៅពឹងផ្អែកទាំងស្រុងទៅលើធនធានធម្មជាតិ របស់បឹងទន្លេសាប ជាពិសេសការចិញ្ចឹមជិវិតប្រចាំថ្ងៃជាមួយនឹងរបរនេសាទ អាជីវកម្មខ្នាតតូចជាលក្ខណៈគ្រួសារ និងសេវាកម្មទេសចរ នៅលើផ្ទៃបឹងទន្លេសាប ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ធនាគារពិភពលោក បានអនុម័តកញ្ចប់ថវិកា សម្រាប់ការសិក្សាជំហានបឋមតំបន់បឹងទន្លេសាប ដើម្បីឈានទៅធ្វើការគ្រប់គ្រង និងអភិរក្សតំបន់បឹងទន្លេសាបឱ្យមាននិរន្តរភាពយូរអង្វែង ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិ ទី ៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងដាក់ចេញនូវវិធានការយ៉ាងក្តៅចំពោះការការពារថែរក្សា និងគ្រប់គ្រងដែនព្រៃលិចទឹក និងព្រៃលិចទឹកនៅក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ។