កាលពីថ្ងៃចន្ទ ២កើត ដល់ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ លោក ប៉ុន វុឌ្ឍី អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេសចុះសិក្សាស្តីពី បម្រែបម្រួលធនធានជលផលនៅតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធនៅក្នុងតំបន់ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង តំបន់កំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងតំបន់ផាត់សណ្តាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ការចុះសិក្សានេះ ក្រុមការងារបានធ្វើលើ ៖
ទី១. សម្ភាសន៍ប្រជានេសាទដើម្បីប្រមូលទិន្នន័យ-ព័ត៌មានពីការប្រើប្រាស់ប្រភេទឧបករណ៍នេសាទនៅតំបន់សិក្សា ។
ទី២. ប្រមូលសំណាកត្រី និងធនធានក្រៅពីត្រី, កត់ត្រាទីតាំងនេសាទ (X,Y), វាស់ជម្រៅទឹកនៅតាមតំបន់នេសាទនីមួយៗ, វាស់គុណភាពទឹកបឋម និងពិនិត្យលើលំនៅដ្ឋានធនធានជលផលនៅរដូវប្រាំង ។
ជាមួយនឹងសកម្មភាពក្រុមការងារចុះសិក្សានៅតំបន់ខាងលើ និងតំបន់ពាក់ព័ន្ធ ជាលទ្ធផលបឋមបង្ហាញថា ៖
១. រកឃើញប្រភេទត្រីចំនួន ៣៨ ប្រភេទ តាមរយៈការនេសាទដោយប្រើប្រាស់នូវឧបករណ៍ចំនួន ៤ ប្រភេទ គឺឧបករណ៍មងអូស មងសង្គ្រប់ សំណាញ់ និងបរ ។
២. ធនធានក្រៅពីត្រីមានចំនួន ៧ប្រភេទ និងការប្រើប្រាស់ធនធានត្រីសម្រាប់វារីវប្បកម្មនៅក្នុងតំបន់សិក្សា ។
៣. ការវាស់សំណាកគុណភាពទឹកដោយឧបករណ៍ស្វ័យប្រវត្តិបឋមនៅតាមតំបន់សិក្សារួមមាន៖ កម្រិតភាពថ្លានៃទឹក, អុកស៊ីសែនរលាយក្នុងទឹក(DO), ប៉េហាស (pH), កម្រិតកម្ពស់ទឹក, សីតុណ្ហភាពទឹកបឹង និងកម្រិតស្លែ និងកកររបស់ទឹកបឹង ព្រមទាំងការពិនិត្យភាពសម្បូរនៃប្លង់តុង (ប្លង់តុងរុក្ខជាតិ និងប្លង់តុងសត្វ) ។
សូមជម្រាបជូនថាៈ សកម្មភាពចុះសិក្សាស្តីពី បម្រែបម្រួលធនធានជលផលនៅតំបន់ទន្លេសាប និងតំបន់ពាក់ព័ន្ធនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ របស់នាយកដ្ឋានធនធានធម្មជាតិ នៃអាជ្ញាធរទន្លេសាប ។
សកម្មភាពខាងលើនេះ មានគោលបំណង៖
- តាមដាន និងវាយតម្លៃប្រភេទធនធានជលផលទៅតាមប្រភេទឧបករណ៍នេសាទក្នុងទីតាំងសិក្សា។
- បច្ចុប្បន្នភាពប្រភេទ និងលក្ខណៈជីវសាស្ត្រធនធានជលផលតាមប្រភេទទីជម្រក ចំណី និងបរិស្ថានទឹក។ (វាយតម្លៃបឋមលើគុណភាពទឹកតាមទីតាំងចុះសិក្សា)
- វាយតម្លៃប្រភេទធនធានជលផលនៅតាមដងទន្លេសាប (កណ្តាល-ភ្នំពេញ-កំពង់ឆ្នាំង) នៅឡូត៍ដាយត្រី និងតំបន់ពាក់ព័ន្ធ។
- វាយតម្លៃលើការបន្លាស់ទីធនធានជលផលតាមស្ទឹង និងលក្ខណៈជីវសាស្ត្ររបស់ត្រី និងក្រៅពីត្រី ។