កិច្ចប្រជុំ​អន្តរក្រសួង​ស្ថាប័ន ពិភាក្សា​ពាក់ព័ន្ធ​នឹង​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប

​ដោយ​ទទួលបាន​ការចាត់តាំង​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប នា​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែផល្គុន ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៤ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម​, រួមជាមួយ​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ​, ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង និង​លោក ហេង បូរាណ ជំនួយការ​អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង​ស្ថាប័ន ពិភាក្សា​ពាក់ព័ន្ធ​នឹង​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ស្របតាម​ការស្នើសុំ​រប​ស់​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​សាលប្រជុំ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, រដ្ឋបាល​ជលផល​, ក្រសួងបរិស្ថាន​, និង​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ផងដែរ ។ 

​សូមជម្រាបថា កិច្ចប្រជុំ​នេះ គឺមាន​បំណង​ស្វែងរក​គំនិត​រួមគ្នា និង​ការព្រមព្រៀង​ជា​ឯក​ឆន្ទ ក្នុង​ការផ្ទេរ​អង្គភាព​លេខាធិការដ្ឋាន​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ពី​ការគ្រប់គ្រង​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ឱ្យមក​ស្ថិតក្រោម ការគ្រប់គ្រង​របស់ អាជ្ញាធរ​ទន្លេសាប​វិញ ។​

​ជារួម​បន្ទាប់ពី​អង្គប្រជុំ ធ្វើការ​ពិភាក្សា និង​ចូលរួម​យោបល់​ពី​ក្រសួង​ស្ថាប័ន​ជំនាញ ដោយ​ធ្វើការ​ពិនិត្យ​លើ​ទិដ្ឋភាព​បទ​ប្បញ្ញត្តិ​ច្បាប់ និង​ទិដ្ឋភាព​បច្ចេកទេស អង្គប្រជុំ ក៏បាន​ឯកភាព​យល់ព្រម ក្នុងការ​ផ្ទេរ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ឱ្យមក​នៅក្រោម​អាជ្ញាធរ​ទន្លេសាប ដើម្បីឱ្យ​ស្របទៅនឹង​បេសកកម្ម និង​ដែន​វិសាលភាព​គ្រប់គ្រង​របស់​អាជ្ញាធរ​ទន្លេសាប ។ ទន្ទឹមនេះ ត្រូវ​គិតគូរ​យកចិត្តទុកដាក់​ឱ្យបាន​ស៊ីជម្រៅ​ក្នុង​ការរៀបចំ​នីតិវិធី​ច្បាប់ និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​ឱ្យបាន​ត្រឹមត្រូវ ដេ​ី​ម្បី​សុំ​សេចក្តីសម្រេច​ពី​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប​, គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។​

​សូមបញ្ជាក់ថា ផ្អែកលើ​សារៈសំខាន់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី បរិស្ថាន សេដ្ឋកិច្ច សង្គម និង​វប្បធម៌​បឹង​ទន្លេសាប ឱ្យ​ស្របតាម​លក្ខន្តិក ស្តីពី​ប្រព័ន្ធ​ឋបនីយ​ជីវ​មណ្ឌល​ពិភពលោក​, ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ត្រូវបាន​បង្កើតឡើង​ស្របតាម​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៤០១/០៧០ ចុះ​ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០០១ ។ ចំណែក​ការបង្កើតឱ្យមាន​លេខាធិការដ្ឋាន​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប អនុក្រឹត្យ​លេខ ៩៤ អនក្រ​.​បក ចុះ​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០០១ ស្ថិតក្រោម​គណៈកម្មាធិកា​រ​ជាតិ​ទន្លេមេគង្គ​កម្ពុជា គឺ​ដើម្បី​ជួយ​ដល់​ការសម្របសម្រួល ពង្រឹង​ការងារ​ទំនាក់ទំនង និង​សហការ​រវាង​ក្រសួង ស្ថាប័ន​ជាតិ និង​អន្តរជាតិ អាជ្ញាធរ​ដែនដី និង​សង្គម​ស៊ីវិល ក្នុង​កិច្ចការ​ការពារ និង​គ្រប់គ្រង​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប ប្រកបដោយ​និរន្តរភាព ។