នាថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ និង ឯកឧត្តម ជា សុខនី អគ្គលេខាធិការរង នៃអាជ្ញាធរទន្លេសាប បានដឹកនាំក្រុមការងារមន្ត្រីបច្ចេកទេស ធ្វើការចុះផ្សព្វផ្សាយ ការបោះបង្គោលកំណត់ព្រំតំបន់៣ នៃដែនព្រៃលិចទឹក និងព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកកំពង់លែង ស្រុកជលគីរី និងស្រុកបរិបូណ៌ នៃកំពង់ឆ្នាំង និងក្នុងភូមិសាស្ត្រស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ និងស្រុកថ្មគោល នៃខេត្តបាត់ដំបង ។
គោលបំណងនៃកិច្ចប្រជុំ ផ្សព្វផ្សាយខាងលើផ្ដោតសំខាន់លើ ការចុះបោះបង្គោលកំណត់ព្រំតំបន់៣ នៃដែនព្រៃលិចទឹក ទៅកាន់ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ភូមិ/ឃុំ/ស្រុក ដែលពាក់ព័ន្ធនឹងតំបន់៣ នៃដែនព្រៃលិចទឹក ជុំវិញបឹងទន្លេសាប ដើម្បីផ្ដល់កិច្ចសហការ និងចូលរួមអនុវត្តអោយមានប្រសិទ្ធភាពខ្ពស់។
ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ឯកឧត្តម អគ្គលេខាធិការ ក៏បានសង្កត់ធ្ងន់លើសារ:សំខាន់នៃបឹងទន្លេសាប ដែលជាអត្តសញ្ញាណជាតិមិនអាចកាត់ថ្លៃបាន និងកត្តាប្រឈមនានា ដែលបាន និងកំពុងជះឥទ្ធិពលគម្រាមកំហែងមកលើប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប ជាពិសេស សកម្មភាពក្នុងការទន្ទ្រានដីព្រៃលិចទឹកធ្វើកសិកម្ម និងការនេសាទខុសច្បាប់ ជាដើម។
សូមបញ្ជាក់ជូនថា: អាជ្ញាធរទន្លេសាប គឺជាសេនាធិការផ្ទាល់ឱ្យរាជរដ្ឋាភិបាល ដែលមានភារកិច្ចក្នុងការតាមដាន ត្រួតពិនិត្យ អធិការកិច្ចដែនព្រៃលិចទឹក និងព្រៃលិចទឹក បានធ្វើកិច្ចសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ទិន្នន័យ-ព័ត៌មាន និងផែនទី ក្នុងការកំណត់តំបន់១ តំបន់២ និងតំបន់៣ រួមនឹង ការចុះបោះបង្គោលកំណត់ព្រំតំបន់៣ នៃព្រៃលិចទឹក នៅក្នុងខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ស្របតាមគោលការណ៍ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកំណត់តំបន់ព្រៃលិចទឹកបឹងទន្លេសាប អោយប្រកបដោយ ប្រសិទ្ធភាព សុក្រឹតភាព និងចីរភាព ៕