ជំនួប​ពិភាក្សា​ថ្នាក់ដឹកនាំ អាជ្ញាធរ​ទន្លេសាប និង គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា អំពី​ការផ្ទេរ​ការគ្រប់គ្រង​លេខាធិការដ្ឋាន​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​

​អនុលោម​តាម​ការណែនាំ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប​, គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៥​រោច ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​អគ្គលេខាធិការដ្ឋាន គណៈកម្មាការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា មាន​កិច្ចប្រជុំ​ពិភាក្សា ស្តីពី​ការផ្ទេរ​ការគ្រប់គ្រង​លេខាធិការដ្ឋាន​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប រវាង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ដោយ​​ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម ជាមួយ​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ដឹកនាំ​ដោយ ឯកឧត្តម តែ ណា​វុ​ធ អនុប្រធាន​អចិន្ត្រៃយ៍ និង​មានការ​ចូលរួម​ពី​ឯកឧត្តម​អគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា ប្រធាន​នាយកដ្ឋាន​ជំនាញ​បច្ចេកទេស នៃ​ស្ថាប័ន​ទាំងពីរ ផងដែរ ។​សូមបញ្ជាក់​ផងដែរ​ថា លេខាធិការដ្ឋាន​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប បង្កើតឡើង​នៅ​ឆ្នាំ ២០០១ ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៤០១/០៧០ ហើយ​បច្ចុប្បន្ន​ស្ថិតក្រោម​ការគ្រប់គ្រង របស់​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ។ ដោយ​ពិនិត្យឃើញថា កិច្ចការ​សម្របសម្រួល​ដល់​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប មា​នស​ង្គ​ត​ភាព និង​ស្រប​ជាមួយ​ដែន​សមត្ថកិច្ច បេសកកម្ម និង​ភារកិច្ច​ទទួលខុសត្រូវ​របស់​អាជ្ញាធរ​ទន្លេសាប  ជាពិសេស​ស្របទៅនឹង​ដំណើរការ​កំណែទម្រង់​ស៊ីជម្រៅ​រដ្ឋបាល​សាធារណៈ និង​រួមចំណែក​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី ១ នៃ​រាជរដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ​ទន្លេសាប និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ប្រជុំពិភាក្សា និង​ឯកភាពគ្នា​ក្នុងការ​ផ្ទេរ​ឋបនីយ​ជីវ​មណ្ឌល​បឹង​ទន្លេសាប​ឱ្យមក​ស្ថិតក្រោម​ការគ្រប់គ្រង របស់​អាជ្ញាធរ​ទន្លេសាប​វិញ និង​បាន​ពិភាក្សា​ពិនិត្យ​លើផ្លូវ​ច្បាប់ និង​បច្ចេកទេស ដើម្បី​ដាក់​ប្រជុំពិភាក្សា​ជាមួយ​អន្តរក្រសួង​-​ស្ថាប័ន ដែលជា​សមាជិក​នាពេល​ខាងមុខ​។