កាលពីថ្ងៃចន្ទ ១០កើត ដល់ថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ដល់២៣ ខែកុម្ភ: ឆ្នាំ២០២៤ លោក វិន ប៊ុនពៅ ប្រធាននាយកដ្ឋានធនធានធម្មជាតិ បានចុះសិក្សាតាមដានគុណភាពទឹកនៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ នៅក្នុងតំបន់ឆ្នុកទ្រូ ខេត្តកំពង់ឆ្នាំង តំបន់ផាត់សណ្តាយ ខេត្តកំពង់ធំ និងតំបន់កំពង់លួង ខេត្តពោធិ៍សាត់ ។
ការចុះសិក្សានេះ ក្រុមការងារបានជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងការចុះយកសំណាកទឹកនៅលើទីតាំងជ្រើសរើសសិក្សា ដើម្បីពិនិត្យពីស្ថានភាពប្រើប្រាស់ទឹករបស់ប្រជាជនភូមិបណ្តែតទឹក និងស្ថានភាពកាកសំណល់ទូទៅក្នុងតំបន់សិក្សានីមួយៗ។
ជាមួយនឹងសកម្មភាពចុះសិក្សាស្រាវជ្រាវខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម :
ទី១. ក្រុមការងារបានធ្វើការជ្រើសរើសទីតាំងចំនួន ១២ កន្លែង សម្រាប់វាយតម្លៃបឋមដោយប្រើប្រាស់ឧបករណ៍វាស់គុណភាពទឹកស្វ័យប្រវត្តិជាលក្ខណៈរូប ដែលមានប៉ារ៉ាម៉ែត្រ pH, ORP, CT, DO, TDS, Turbidity, Transparency, chlorophyll, Cyanobacteria និងកករទឹក និងកម្រិតថ្លាក្នុងទឹក ។
ទី២. យកសំណាកទឹកមកធ្វើការពិនិត្យ និងវិភាគ/វាយតម្លៃលើលក្ខណៈគីមីចំនួន ១៣ ប៉ារ៉ាម៉ែត្រ ដូចជា TSS, អាសូតសរុប (Total Nitrogen), នីត្រាត (NO3¬-), អាម៉ូញ៉ូម (NH4-) និងផូស្វរសរុប (Total Phoshorus), TSS, NO3, NH4, TN, TP, ហ្វីកាល់កូលីហ្វម (Fecal coliform), អឺកូលី (E.Coli) និងការបកស្រាយលទ្ធផលសំណាកទឹកពីស្ថានភាពគុណភាពទឹក ដែលបានពីមន្ទីរពិសោធន៍វិភាគគុណភាពទឹក នៅមន្ទីរពិសោធន៍គុណភាពទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម។
ទី៣. លើបញ្ហាការគ្រប់គ្រងកាកសំណល់ក្នុងតំបន់សិក្សាប្រជាពលរដ្ឋមួយភាគធំទុកដាក់កាកសំណល់ និងការគ្រប់គ្រងនៅមានកម្រិត គឺបានចោលចូលទៅក្នុងទន្លេ និងលើដីគោក ជាពិសេសពពួកថង់ប្លាស្ទិក សំបកបេ សិប្បីសត្វ និងកាកសំណល់ផ្សេងៗ លើកលែងតែដបទឹកសុទ្ធ សំបកកំប៉ុង និងធុងសាំង ឬធុងជ័រ ដែលមានការប្រមូលទិញ ដើម្បីកែច្នៃឡើងវិញ ទើបប្រមូលរក្សាទុកលក់ (អេតចាយ) ។
សូមជម្រាបជូនថា ៖ សកម្មភាពចុះសិក្សាតាមដានគុណភាពទឹក នៅភូមិបណ្តែតទឹកបឹងទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៤ របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ។
សកម្មភាពខាងលើនេះ មានគោលបំណង ៖
១. បច្ចុប្បន្នភាពផលប៉ះពាល់គុណភាពទឹកបឹងលើបរិស្ថាន ជីវៈចម្រុះ និងត្រួតពិនិត្យតាមដានការប្រែប្រួលគុណភាពទឹកក្នុងបឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ។
២. ចងក្រងទិន្នន័យ-ព័ត៌មានគុណភាពទឹកបឹងទន្លេសាបនៅខេត្តទាំង៦ជុំវិញបឹងទន្លេសាប និងនៅភូមិបណ្តែតទឹក។