ក្រុមការងារ​ការិយាល័យ​នីតិកម្ម នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ដឹកនាំ​ដោយ​លោក សុខ មុនី ប្រធានការិយាល័យ បាន​ចុះ​អនុវត្តន៍​សកម្មភាព សិក្សា​ពី​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប ក្នុងភូមិ​សាស្ត

​នា​ថ្ងៃ​អង្គារ ១១​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រុមការងារ​ការិយាល័យ​នីតិកម្ម ដឹកនាំ​ដោយ លោក សុខ មុនី ប្រធានការិយាល័យ បាន​ចុះ​អនុវត្តន៍​សកម្មភាព​សិក្សា​ពី​ស្ថានភាព​ជីវភាព​រស់នៅ​របស់​ប្រជាជន​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប សិ្ថ​ត​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ជលសារ ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ។​

​សកម្មភាព​ខាងលើ ក្រុមការងារ​បាន​ជួប​សម្ភាសន៍​ជាមួយ ៖ 
១. ជួប​សម្ភាសន៍​ជាមួយ​ប្រជាជន​ដែលមាន​មុខរបរ​ទ្រទ្រង់​ជីវភាព​ដោយ​ការ​អាស្រ័យ​ផល​លើ​ធនធាន​ធាន​ធម្មជាតិ​
២. ជួប​សម្ភាសន៍​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ពាក់ព័ន្ធ​នឹង​ស្ថានភាព​ទូទៅ​របស់​តំបន់ ។​

​ក្នុង​ការចុះ​សិក្សា​នៅ​តំបន់​ខាងលើ ក្រុមការងារ ទទួលបាន​លទ្ធផល ដូចតទៅ ៖ 
១. ប្រជាជន​នៅក្នុង​តំបន់​សិក្សា​មាន​មុខរបរ​សំខាន់ៗ ដើម្បី​ទ្រទ្រង់​ជីវភាព​រួមមាន ការ​បង្កបង្កើនផល​ស្រូវប្រាំង​(២​ដង​ក្នុង​មួយឆ្នាំ​), ដាំ​ឈូក , ការងារ​នេសាទ​ត្រី , ចូក​លៀស , ដង​អន្ទង់ នៅតាម​ដង​ទន្លេសាប 
២. ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ក្នុង​តំបន់​សិក្សា​មាន​បញ្ហា​ប្រឈម​ដោយ​ពួកគាត់ មិនមាន​មុខរបរ​អ្វី​ផ្សេង​ក្រៅពី​ធ្វើស្រែ និង​ការធ្វើ​នេសាទ​

៣. កត្តា​មួយចំនួន​ដែល​ជះឥទ្ធិពល​លើ​ជីវភាព​របស់​ពួកគាត់​រួមមាន 
-​កត្តា​គ្រួសារ : ខ្វះ​កម្លាំង​ពលកម្ម​ក្នុង​គ្រួសារ​(​សមាជិក​តិច​), ជម្ងឺ , និង​ការអប់រំ​ទាប​
- កត្តា​ធម្មជាតិ : មាន​គ្រោះរាំងស្ងួត​, សត្វ​ចង្រៃ​បំផ្លាញ​ស្រូវ​, និង​ការថយចុះ​ធនធានធម្មជាតិ​(​ត្រី លៀស​)
- កត្តា​សង្គម : ថ្លៃ​កសិផល​មិនមាន​ស្ថេរភាព​, ខ្វះ​បច្ចេកទេស​កសិកម្ម​, និង​ការចំណាយ​ច្រើន​ទៅ​ការព្យាបាល​សុខភាព ។​

៤. ប្រជាជន​ក្នុង​តំបន់​សិក្សា​មាន​តម្រូវការ​ចំ​បាច់​មួយចំនួន​ដើម្បី​ជម្រុញ​ជីវភាព​រស់នៅ​របស់​ពួកគាត់​មាន​ភាពប្រសើរឡើង 
- ជួយផ្តល់​ឥណទាន​ដែលមាន​អត្រា​ការប្រាក់​ទាប​
- ជួយ​អោយ​ស្រូវ​មានតម្លៃ​សមរម្យ​
- បញ្ចុះតម្លៃ​ធាតុ​ចូល​កសិកម្ម​
- ជួយ​បណ្តុះបណ្តាល​បច្ចេកទេស​ក​សិ​កម្ម​
- កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​បន្ថែមទៀត ។​

​សូម​ជម្រាបជូន​ថាៈ សកម្ម​ភាពចុះ​សិក្សា​ពី​ស្ថានភាព​រស់នៅ​របស់​ប្រជាជន​លើ​ការប្រើប្រាស់​ធនធានធម្មជាតិ និង​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប​មាន​គោលបំណង ១).​កំណត់​ពី​សក្តានុពល​ធនធានធម្មជាតិ​នៅ​តំបន់​បឹង​ទន្លេសាប ២). វាយតម្លៃ​ពី​កត្តា​ផ្សេងៗ ដែល​ជះឥទ្ធិពល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​៣). វិភាគ​ពី​តម្រូវការ​របស់​ប្រជាជន​រស់នៅ​តំបន់​បឹង​ទន្លេសាប ។​