នាថ្ងៃអង្គារ ៤កើត ដល់ថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារមន្ត្រីនៃនាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស ដឹកនាំដោយលោក អ៊ូ ទូច ប្រធានការិយាល័យត្រួតពិនិត្យការធ្វើអាជីវកម្មលើធនធានធម្មជាតិ បានដឹកនាំក្រុមការងារចុះសិក្សាតាមដាន វាយតម្លៃលើការធ្វើអាជីវកម្មត្រី ត្រីនុយ សិប្បីសត្វ វារីវប្បកម្ម និងចរន្តទីផ្សារច្រកចេញ-ចូល ស្ថិតនៅភូមិសាស្ត្រឃុំកំពង់លួង ស្រុកក្រគរ, ឃុំកញ្ជរ និងឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
ការចុះសិក្សានេះ ក្រុមការងារបានធ្វើការចុះជួបជាមួយ ៖
១. ជួបសម្ភាសន៍ជាមួយអាជ្ញាធរដែនដី
២. សម្ភាសន៍ជាមួយប្រជានេសាទ
៣. សម្ភាសន៍ជាមួយអាជីវករទិញ-លក់ត្រី ត្រីនុយ និងសិប្បីសត្វ
៤. ជួបសម្ភាសន៍ជាមួយអ្នកចឹញ្ចឹមត្រី។
ក្រុមការងារចុះសិក្សានៅតំបន់ពាក់ព័ន្ធខាងលើ ជាលទ្ធផលរកឃើញថា ៖
១. បានធ្វើការសិក្សាតាមដាននៅច្រកសំខាន់ៗចំនួន ៣ ច្រក គឺនៅច្រកកំពង់លួង ស្ថិតនៅឃុំកំពង់លួង ស្រុកក្រគរ ច្រកព្រែកត្របែក ស្ថិតនៅឃុំកញ្ជរ និងច្រករាំងទិល ស្ថិតនៅឃុំរាំងទិល ស្រុកកណ្តៀង ។
២. មានការធ្វើអាជីវកម្មត្រីជាមធ្យមប្រមាណ ៥.៧០០គ.ក្រ/ថ្ងៃ និងសរុបប្រមាណ ២៨.៥០០គ.ក្រ/៥ថ្ងៃ ។
- មានការធ្វើអាជីវកម្មត្រីនុយជាមធ្យមប្រមាណ ៣.៧៥០គ.ក្រ/ថ្ងៃ និងសរុបប្រមាណ ១៨.៧៥០គ.ក្រ/៥ថ្ងៃ ។
- មានការធ្វើអាជីវកម្មសិប្បីសត្វជាមធ្យមប្រមាណ ៥.៦០០គ.ក្រ/ថ្ងៃ និងសរុបប្រមាណ ២៨.០០០គ.ក្រ/៥ថ្ងៃ ។
- វារីវប្បករ បានដាក់ចិញ្ចឹមត្រីប្រមាណ ៨.០០០ ទៅ ១០.០០០ក្បាល/ស្រះ ឬ បែរ ទំងន់ត្រីបច្ចុប្បន្នចន្លោះពី ០.៥ ទៅ ០.៨គ.ក្រ/ក្បាល ជាទូទៅគាត់បានប្រើចំណីប្រមាណ ១៥០ ទៅ ២០០គ.ក្រ/ថ្ងៃ ។
៣. ការធ្វើអាជីវកម្មត្រី ត្រីនុយ និងសិប្បីសត្វនៅក្នុងខេត្តពោធិ៍សាត់ មានប្រភពមកពីការនេសាទក្នុងបឹងទន្លេសាទ បឹងទន្លេឆ្មារ នៃខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ការធ្វើវារីវប្បកម្ម និងត្រីនាំចូលពីក្រៅប្រទេស ។
៤. សម្រាប់ត្រី ត្រីនុយ និងសិប្បីសត្វ អ្នកនេសាទដឹកយកមកលក់នៅមាត់ទឹកទៅអោយឈ្មួញកណ្តាល ឈ្មួញកណ្តាល លក់រាយ ឬ បោះដុំក្នុងតំបន់ និងដឹកជញ្ជូនទៅលក់បន្តនៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ។ ត្រីនុយជាប្រភេទត្រីតូចៗ និងចម្រុះច្រើនប្រភេទ ។
- តម្លៃត្រីស្រស់មានតម្លៃចន្លោះពី ២.០០០ ទៅ ៥០.០០០៛/គ.ក្រ ត្រីនុយ ១.៥០០ ទៅ ២.០០០៛/គ.ក្រ លៀស ២០០ ទៅ ២.០០០៛/គ.ក្រ ខ្ចៅ ១.០០០ ទៅ ២.០០០៛/គ.ក្រ និងខ្យង ២.០០០ ទៅ ៥.០០០៛/គ.ក្រ ។
៥. នៅក្នុងទីតាំងច្រកឡើងត្រីទាំងបីកន្លែងនេះមានការប្រែប្រួលទាំងបរិមាណនៃការធ្វើអាជីវកម្ម និងតម្លៃជាប្រចាំ អាស្រ័យលើស្ថានភាពទៅតាមរដូវកាល និងការចុះបង្ក្រាបបទល្មើសរបស់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ។
៦. ផលវិជ្ជមាន: នៃការធ្វើអាជីវកម្មធនធានធម្មជាតិ បង្កើនប្រាក់ចំណូលប្រចាំថ្ងៃ មានតម្រូវការបរិភោគខ្ពស់ បំពេញតម្រូវការក្នុងការធ្វើវារីវប្បកម្ម កែច្នៃជាចំណីសត្វ កាត់បន្ថយការនាំចូលត្រីត្រីនុយពីប្រទេសក្រៅ និងបំពេញតម្រូវការនាំចេញទៅក្រៅប្រទេស។
- ផលអវិជ្ជមាន: កំណើនប្រជាជនតាមតំបន់ធ្វើអោយកើនឡើងចំនួនអ្នកនេសាទ ការប្រើឧបករណ៍នេសាទខុសច្បាប់បានធ្វើឱ្យធនធានត្រី និងសិប្បីសត្វថយចុះ ធ្វើអោយប៉ះពាល់ជម្រក កន្លែងពងកូន ប្រភពចំណី ចំនួនមេពូជថយចុះ និងប៉ះពាល់ដល់គុណភាពទឹក កាលណាបរិមាណ នៃប្រភេទធនធានធម្មជាតិថយចុះនឹងធ្វើអោយតម្លៃរបស់វាឡើងថ្លៃជាងមុន បើសិនជាត្រីក្នុងបឹងទន្លេសាបថយចុះ ការធ្វើវារីវប្បកម្មក្នុងស្រុកតិច មិនអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកគ្រប់គ្រាន់ នឹងមានការនាំចូលត្រីពីប្រទេសក្រៅកាន់តែច្រើនជាងមុន ។
សូមជម្រាបជូនថា៖ សកម្មភាពចុះសិក្សាតាមដាន វាយតម្លៃលើការធ្វើអាជីវកម្មត្រី ត្រីនុយ សិប្បីសត្វ និងចរន្តទីផ្សារតាមច្រកចេញ-ចូល នៅបណ្តាខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឱ្យអនុវត្តន៍នៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៤ របស់អាជ្ញាធរទន្លេសាប ។
សកម្មភាពខាងលើនេះ មានគោលបំណង៖
- សិក្សាតាមដានបរិមាណនៃការធ្វើអាជីវកម្មធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប
- សិក្សាពីប្រភព និងប្រភេទត្រីនុយដែលធ្វើអាជីវកម្មលើវារីវប្បកម្ម
- សិក្សាចរន្តទីផ្សារ នៃការធ្វើអាជីវកម្មធនធានធម្មជាតិ
- សិក្សាពីផលប៉ះពាល់ នៃការធ្វើអាជីវកម្មធនធានធម្មជាតិ ។