លំហូរទឹកទន្លេមេគង្គ បានបណ្តាលឱ្យទឹកក្នុងទន្លេសាប ហូរបញ្ច្រាសទិសត្រឡប់ឆ្ពោះទៅបឹងទន្លេសាប បង្កបានជាបាតុភូតជលសាស្ត្រធម្មជាតិ ដែលកម្រមានក្នុងសាកលលោក ។
វិសាលភាពបឹងទន្លេសាប មានការប្រែប្រួលតាមរដូវកាល នៅរដូវប្រាំងជម្រៅ ១ម៉ែត្រ-២ម៉ែត្រ ផ្ទៃក្រឡាប្រមាណ ២៥០ ០០០ ហិកតា និងរដូវវស្សាជម្រៅ ៨ម៉ែត្រ-១១ម៉ែត្រ ផ្ទៃក្រឡាប្រមាណ ១ ៥០០ ០០០ ហិកតា ។ មាឌទឹកបឹងទន្លេសាបប្រែប្រួលប្រមាណពី ៤ ៥០០លានម៉ែត្រគូប នៅរដូវប្រាំង ទៅ ១៣៥ ០០០លានម៉ែត្រគូប នៅរដូវវស្សា ។
ទឹកក្នុងបឹងទន្លេសាបនៅរដូវវស្សាបានមកពីទន្លេមេគង្គ ៦២% និង៣៨% ទៀតបានមកពីបណ្តាស្ទឹងធំៗទាំង ១១ ជុំវិញបឹងទន្លេសាប ។
ទឹកជំនន់មកពីទន្លេមេគង្គ មានឥទ្ធិពលទាំងបរិមាណ និងគុណភាពទឹក ហូរចាក់ទៅក្នុងបឹងទន្លេសាប បាននាំមកនូវដីល្បាប់ភក់ផ្តល់នូវជីជាតិយ៉ាងសម្បូរបែប សម្រាប់វាលទំនាបព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដែលជម្រកពងកូន និងបង្កជាចំណីដល់ជីវៈចម្រះគ្រប់ប្រភេទ ព្រមជាមួយធនធានជលផលផងដែរ ។(ប្រភព-Alpha Water & Electric Supply, 19 February 2024)