នាថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារមន្ត្រីនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ នៃអាជ្ញាធរទន្លេសាប ដឹកនាំដោយ លោក អុល សុជាតិ ប្រធានការិយាល័យសម្របសម្រួលវិវាទ បានចុះអនុវត្តន៍សកម្មភាពសម្របសម្រួល និងតាមដានទំនាស់អត្ថប្រយោជន៍ពីការប្រើប្រាស់ធនធានធម្មជាតិ និងបរិស្ថាននៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ នៅក្នុងខេត្តកំពង់ធំ ។
ក្នុងពេលបំពេញការងារអនុវត្តន៍សកម្មភាពខាងលើ ក្រុមការងារបានជួបជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដូចជា ៖
១/. ជួបពិភាក្សាស្វែងយល់ និងប្រមូលទិន្នន័យ-ព័ត៌មាន ជាមួយនឹងខណ្ឌរដ្ឋបាលជលផលខេត្ត
២/. ជួបពិភាក្សា និងប្រមូលទិន្នន័យ-ព័ត៌មានជាមួយរដ្ឋបាលឃុំត្រពាំងឬស្សី និងរដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
៣/. ជួបពិភាក្សា និងប្រមូលទិន្នន័យ-ព័ត៌មានជាមួយសហគមន៍នេសាទឧកញ៉ាមហាពពាយ។
ជាមួយនឹងការអនុវត្តសកម្មភាពក្នុងតំបន់សិក្សាខាងលើ ជាលទ្ធផលបឋម ទទួលបានដូចខាងក្រោម ៖
១. ការតាមដានការអនុវត្តការងារក្នុងការគ្រប់គ្រងធនធានធម្មជាតិ
- សមត្ថភាព និងការយល់ដឹងពីគោលការណ៍ តួនាទីភារកិច្ច រួមនឹងការសម្របសម្រួល និងការគ្រប់គ្រង ថវិកា សម្ភារគម្រោង របស់គណៈកម្មការសហគមន៍នេសាទឧកញ៉ាមហាពពាយ មានកម្រិតល្អ
- មានទំនាក់ទំនង និងកិច្ចសហការល្អ ជាមួយជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការ ដៃគូអភិវឌ្ឍ
- មានការចូលរួមក្នុងការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈសកម្មភាពចេញល្បាតញឹកញាប់ ការផ្តល់ព័ត៌មានទាន់ហេតុការណ៍ពីសកម្មភាពប្រព្រឹត្តបទល្មើសនេសាទ និងការដាំ/ថែទាំព្រៃលិចទឹកក្នុងសហគមន៍
- មានការគាំទ្រផ្នែកថវិកាចំនួន ៤លានរៀល ក្នុង ១ឆ្នាំតាមរយៈគម្រោង CAPFISH-Capture ក្រោមការសម្របសម្រួលដោយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ
២. ករណីវិវាទផលប្រយោជន៍ក្នុងសហគមន៍
- វិវាទលើការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងការលបលួចចូលនេសាទក្នុងដែនអភិរក្សសហគមន៍
- វិវាទដីអាស្រ័យផល របស់ប្រជាពលរដ្ឋចំនួន ២២៨ គ្រួសារ នៅក្នុងដែនសហគមន៍នេសាទ (ស្ថិតនៅក្នុងតំបន់២)
៣. យន្តការដោះស្រាយវិវាទ
- ធ្វើការសម្របសម្រួល អប់រំ/ណែនាំ ដល់អ្នកប្រព្រឹត្តល្មើសក្នុងកម្រិតស្រាល
- អនុវត្តន៍ទៅតាមនីតិវិធីច្បាប់ ចំពោះបុគ្គល/ក្រុមដែលប្រព្រឹត្តល្មើសធ្ងន់ធ្ងរ
- ធ្វើការផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងឯកសារពាក់ព័ន្ធឲ្យបានទូលំទូលាយ
- រដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បានធ្វើការប្រជុំពិភាក្សា លើករណីវិវាទដីអាស្រ័យផលប្រជាពលដ្ឋទាំង ២២៨ គ្រួសារ នៅក្នុងដែនសហគមន៍ ។
សូមជម្រាបជូនថាៈ សកម្មភាពនៃចុះសិក្សាលើប្រធានបទ សម្របសម្រួល និងតាមដានទំនាស់អត្ថប្រយោជន៍ពីការប្រើប្រាស់ធនធានធម្មជាតិ និងបរិស្ថាននៅតំបន់បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធ មានគោលបំណង ដើម្បីបង្កើនកិច្ចសហការល្អ រវាងស្ថាប័នជំនាញពាក់ព័ន្ធ និងការយល់ដឹងពីដំណើរការនៃការតាមដានត្រួតពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់ធនធានធម្មជាតិ រួមទាំងការចែករំលែកនូវទិន្នន័យ-ព័ត៌មានទាន់ហេតុការណ៍ ដែលកើតមានឡើងក្នុងតំបន់ជុំវិញបឹងទន្លេសាប ព្រមទាំងវិធីសាស្ត្រក្នុងការដោះស្រាយវិវាទផលប្រយោជន៍ពីការទាញយកធនធនធម្មជាតិ នៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ភាពជោគជ័យក្នុងកិច្ចការពារ និងគ្រប់គ្រងធនធានធម្មជាតិនៅតំបន់បឹងទន្លេសាប ប្រកបដោយចីរភាព៕