ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប នាថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ ក្រុមមន្ត្រីបច្ចេកទេសរបស់អាជ្ញាធរទន្លេសាប ដឹកនាំដោយ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម និងឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានចុះពិនិត្យអធិការកិច្ចលើទីតាំង ដែលបានឈួសឆាយទន្ទ្រានយកដីព្រៃលិចទឹកនៅក្នុងតំបន់ ៣ ស្ថិតក្នុងភូមិសាស្ត្រតំបន់ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ក្រោយពីថ្នាក់ដឹកនាំ និងក្រុមមន្ត្រីបច្ចេកទេសរបស់អាជ្ញាធរទន្លេសាប ដោយសហការជាមួយថ្នាក់ដឹកនាំអាជ្ញាធរខេត្ត និងមន្ត្រីអាជ្ញាធរមូលដ្ឋានស្រុក ឃុំពាក់ព័ន្ធទីតាំងឈួសឆាយទន្ទ្រានខាងលើ បានពិនិត្យឃើញថា ផ្ទៃដីស្ថិតក្នុងតំបន់ ៣ ត្រូវបានក្រុមឈ្មួញឃុបឃិតគ្នា ធ្វើការឈួសឆាយ ដើម្បីពង្រីកផ្ទៃដីស្រែប្រាំង ឬស្រូវប្រដេញទឹកបន្ថែមទៀត បើទោះបីតំបន់នេះ ត្រូវបានរាជរដ្ឋាភិបាល បានធ្វើការកាត់ឆ្វៀលជូនកន្លងមកក៏ដោយ ។
សូមបញ្ជាក់ថា ទីតាំងតំបន់ដីវាលក្រោមស្ថិតក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ កាលពីឆ្នាំ ២០២២ រាជរដ្ឋាភិបាល បានធ្វើការកាត់ឆ្វៀលផ្ទៃដីពីតបន់ ៣ មកតំបន់ ២ ទំហំ ៣៤ ១៥៩ហិកតា ៧០អា ស្មើ ៨ ៦៦១ គ្រួសារ សម្រាប់អាស្រ័យផល និងកាត់ពីតំបន់ ២ មកតំបន់ ១ ទំហំ ១៧ ៣៣៩ហិកតា ៥៦អា ស្មើ ១០ ៨០៣ គ្រួសារ សម្រាប់លំនៅដ្ឋាន ។
បន្ទាប់ពីចុះពិនិត្យជាក់ស្តែងលើទំហំផ្ទៃដី ដែលទទួលរងការឈួសឆាយទន្ទ្រានរួចមក ថ្នាក់ដឹកនាំ និងក្រុមមន្ត្រីបច្ចេកទេសរបស់អាជ្ញាធរទន្លេសាប បានរៀបចំកំណត់ហេតុ និងបានអោយអាជ្ញាធរខេត្ត ស្រុក និងឃុំពាក់ព័ន្ធទីតាំងទន្ទ្រាននេះ ទទួលស្គាល់ និងសន្យាការពារមិនអោយមានការដាំដុះនៅលើដីដែលបានទន្ទ្រាននេះឡើយ បើពុំនោះនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ហើយក៏ត្រូវបន្តសកម្មភាពស្វែងរកបុគ្គលឈ្មួញ ដែលបានប្រព្រឹត្ត យកមកដោះស្រាយតាមនីតិវិធីច្បាប់ ។ ក្នុងនោះដែរ ត្រូវបន្តកិច្ចសហការ និងអនុវត្តតាមស្មារតីនៃតួនាទី និងការទទួលខុសត្រូវដូចបានកំណត់ក្នុងអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១។
សូមបញ្ជាក់ថា ៖ អាជ្ញាធរទន្លេសាប គឺជាស្ថាប័នមួយដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល ក្នុងអាណត្តិការងារសម្របសម្រួលក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ទន្លេសាប ។ ដោយឡែកក្នុងស្មារតីខ្លឹមសារមាត្រា ៤ អនុក្រឹត្យលេខ ១៩៧ អនក្រ.បក បានចែងថា អាជ្ញាធរទន្លេសាបមានភារកិច្ចធ្វើអធិការកិច្ចលើសកម្មភាពដែនព្រៃលិច និងព្រៃលិចទឹក រួចធ្វើរបាយការណ៍ជូននាយករដ្ឋមន្ត្រី ដើម្បីមានវិធានការសម្រេច៕