ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាល ខេត្តពោធិ៍សាត់ បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ក្នុង​ខេត្តពោធិ៍ស

​នា​ថ្ងៃ​ពុធ ១៥​កើត ខែ​មិគសិរ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ​២០២៣ នៅ​សាលប្រជុំ​សាលាខេត្ត​ពោធិ៍សាត់ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ទទួលបន្ទុក​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋ​ម​ន្រី្ត​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​សម្របសម្រួល​ដឹកនាំ​ក្រុមការងារ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​លើ​ការពិនិត្យ ផ្ទៀងផ្ទាត់ តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ។​

​សូមជម្រាបថា កិច្ច​ប្រជុំបាន​ប្រព្រឹត្តទៅ​ដោយមាន​ការអញ្ជើញ​ជា​អធិបតីភាព​ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម ខួ​យ រី​ដា អភិបាលខេត្ត និង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​នៃ​ក្រុមការងារ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក នៃ​អាជ្ញាធរ​ទន្លេសាប ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​តំណាង​ពី​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ រួមមាន​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​, ក្រសួងមហាផ្ទៃ​, ក្រសួងបរិស្ថាន​, ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​, ក្រសួង​អភិវឌ្ឍន៍ជនបទ​, ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មន្ត្រី​បច្ចេកទេស និង ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​សាលាខេត្ត​ពោធិ៍សាត់ ព្រមទាំង​អាជ្ញាធរ​ដែនដី​រដ្ឋបាល​ថ្នាក់មូលដ្ឋាន​ស្រុក និង​ឃុំ​ពាក់ព័ន្ធ ក្នុង​ខេត្តពោធិ៍សាត់ មាន​ចំនួន​សរុប ៦៩ រូប​។​

​ឯកឧត្តម ហ៊ែ​ល តូ​នី  បាន​ជម្រាបជូន​អង្គប្រជុំ​ថា ក្នុង​ស្មារតី​ទទួលខុសត្រូវ​លើ​ដែន​សមត្ថកិច្ច​របស់ខ្លួន អាជ្ញាធរ​ទន្លេសាប  ជា​សេនាធិការ​ឲ្យ​រាជា​រដ្ឋាភិបាល  រួមជាមួយ​ភារកិច្ច​ទទួលខុសត្រូវ ដែល បានកំណត់​ក្នុង​អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ជាពិសេស​ការចូលរួម​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា​។ 

​កិច្ចប្រជុំ​ពិភាក្សា​នេះ មាន​គោលបំណង​ពិភាក្សា​លើ​ចំនុច​មួយចំនួន ដូចខាងក្រោម ៖
១- លទ្ធផល​សិក្សា​ស្រាវជ្រាវ របស់​ក្រុមការងារ​បច្ចេកទេស អាជ្ញាធរ​ទន្លេសាប​។​
២- ពិភាក្សា​លើ​បញ្ហា​ពាក់ព័ន្ធ (​តំបន់ ១ តំបន់ ២ ​និង​តំបន់ ៣) ជាមួយនឹង​មតិយោបល់​កែលម្អ​។​
៣- ចែករំលែក និង​ផ្លាស់ប្តូរ​ព័ត៌មាន ទិន្នន័យ តំបន់ ១តំបន់ ២ និង​តំបន់ ៣ ក្នុង​ខេត្តពោធិ៍សាត់ ។​
៤- កិច្ចសហការ​ពី​ក្រសួង​-​ស្ថាប​ន័​ជំនាញ ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ក្នុង​ខេត្តពោធិ៍សាត់ ក្នុង​ការចូល​រួមការ​ពារ ថែរក្សា​ធនធានធម្មជាតិ និង​បរិស្ថាន តំបន់​១ តំបន់​២ និង​តំបន់​៣ នៃ​តំបន់​បឹង​ទន្លេសាប ។​
៥- ការដាក់​ផែនការ​/​កម្មវិធី​ចុះ​អនុវត្ត​ការងារ​តាម​តំបន់​ជាក់ស្តែង ក្នុង​ខេត្តពោធិ៍សាត់ ។ 

​បន្ទាប់ពី​បាន​ពិភាក្សា ផ្លាស់ប្តូរ​មតិយោបល់​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​រួចមក កិច្ច​ប្រជុំបាន​ឯកភាពគ្នា ដូចខាងក្រោម ៖ 
១. បន្ត​កិច្ចសហការ​រវាង​ថ្នាក់​ខេត្ត មន្ទីរ និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចុះ​ធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ។​
២. ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​ចំណុច​លម្អៀង នៃ​ទិន្នន័យ​របស់​អាជ្ញាធរ​ទ​ន្លេ​សាប និង​ក្រសួង មន្ទីរជំនាញ​ពាក់ព័ន្ធ ក្នុង​ខេត្តពោធិ៍សាត់ ។​
៣. ចែករំលែក​ទិន្នន័យ​-​ព័ត៌មាន​រួម និង​បច្ចេកទេស រវាង​ស្ថាប័ន​ពាក់ព័ន្ធ ។​
៤. ការដាក់​ផែនការ​/​កម្មវិធី​ចុះ​អនុវត្ត​ការងារ​តាម​តំបន់​ជាក់ស្តែង ក្នុង​ខេត្តពោធិ៍សាត់​។​
៥. ទទួលបាន​ការយល់ដឹង​ពី​សកម្មភាព និង​ការងារ​ស្នូល​របស់​អាជ្ញាធរ​ដែន​ដី​ក្នុង​ការចូលរួម​អនុវត្តន៍​ទប់ស្កាត់ និង​ការការពារ​តំបន់​ព្រៃ​លិច​ទឹក ធនធាន​ជលផល ជីវចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី ក្នុង​ដែន​សមត្ថកិច្ច​របស់​ខេត្តពោធិ៍សាត់​។​
៦. បន្ត​អនុវត្តតាម​ស្មារតី​ខ្លឹមសារ អនុក្រឹត្យ​លេខ ១៩៧ ។​

​សូមបញ្ជាក់​ផងដែរ​ថា អនុក្រឹត្យ​លេខ ១៩៧ អនក្រ​.​បក ចុះ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១១ ដែល​បានកំណត់​ដែន​ព្រៃ​លិច​ទឹក (​តំបន់​៣) មាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន ៦៤៧,៤០៦ ហិកតា និង​បោះបង្គោល​កំណត់​ព្រំប្រទល់​ព្រៃ​លិច​ទឹក​តំបន់​៣ មាន​ចំនួន ៨០២ បង្គោល ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប មាន​ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង ។ ដោយឡែក ខេត្តពោធិ៍សាត់ មាន​ទំហំ​ផ្ទៃដី​ដែន​ព្រៃ​លិច​ទឹក (​តំបន់​៣) សរុប​មាន​ចំនួន ៩៤,០៤២  ហិកតា ក្រោយពី​យុទ្ធនាការ​កាត់​ឆ្វៀល​ហេ​ី​យ​ផ្ទៃដី​តំបន់​៣ មាន ៩០, ៥៩៣.២៣ ហិកតា និង​បង្គោល​កំណត់​ព្រំ​តំបន់​៣ ចំនួន ៧៦​បង្គោល ។ 

​ក្នុងឱកាស​នោះដែរ បន្ទាប់ពី​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម​អនុប្រធាន​ក្តាប់​រួម បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ជាក់ស្តែង ៖
1.​ចុះ​ពិនិត្យ​ទីតាំង​ដែនដី​កាត់​ឆ្វៀល​នៅ​ចំនុច​បង្គោល​លេខ​២០៩ និង​ផ្ទាំង​ប៉ាណូ​ផែនទី​បង្ហាញ​ព្រំប្រទល់​ព្រៃ​លិច ស្ថិតនៅ​តំបន់​វាល​ក្តាន់​ធាក់ ក្នុងភូមិ​សាស្ត្រ​ឃុំ​អ​ន្សា​ចំបក់​។ 
2.​ស្វែងយល់​ពី​ស្ថានភាព​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ភូមិ​បណ្តែត​ទឹក ក្នុងភូមិ​សាស្ត្រ​ភូមិ​កំបង់​ថ្កោល ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​

​សូម​រម្លឹក​ផងដែរ​ថា អាជ្ញាធរ​ទន្លេសាប បានចេញ​សេចក្ដីសម្រេច​លេខ ២៣៦ អ​ទស  នៅ​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២៣ ស្តីពី​ការបង្កើត​ក្រុមការងារ​ចុះ​តាមដាន​ពិនិត្យ និង​ធ្វើ​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក ស្ថិតក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប​៕