លោកស្រី ប៊ូ សុ​ភ័​ស្ត អនុប្រធាន​ការិយាល័យ​ធនធានទឹក នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ការពង្រឹង​ការគ្រប់គ្រង​ហានិភ័យ​ទឹកជំនន់ និង​រាំងស្ងួត​នៅ​អាង​ទន្លេមេគង្គ​ក្រោម​នៃ​ប្រទេស​កម្ពុជា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា

​រាជធានី​ភ្នំពេញ​៖ ថ្ងៃ​ពុធ ១​កើត ខែ​មិគសិរ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២៣ លោកស្រី ប៊ូ សុ​ភ័​ស្ត អនុប្រធាន​ការិយាល័យ​ធនធានទឹក នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ បាន​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី ការពង្រឹង​ការគ្រប់គ្រង​ហានិភ័យ និង​រាំងស្ងួត នៅ​អាង​ទន្លេមេគង្គ​ក្រោម​នៃ​ប្រទេស​កម្ពុជា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​

​គោលបំណង​នៃ​សិក្ខាសាលា​គឺ​ដើម្បី​៖ ១. បង្ហាញ និង​ចែករំលែក​លទ្ធផល​ស្រាវជ្រាវ​នៃ​គម្រោង HEIP-ITC-SGA #19 ដោយ​រួមបញ្ចូល ការវាយតម្លៃ​ទឹកជំនន់ ការព្យាករណ៍​ទឹកជំនន់ ព្រមទាំង​ការវាយតម្លៃ និង​ការគ្រប់គ្រង​គ្រោះរាំងស្ងួត​។​
២. ចែករំលែក​ពី​តួនាទី និង​មុខងារ​នៃ​ស្ថានីយឧតុនិយម និង​ស្ថានីយ​ជល​សាស្ត្រ​ស្វ័យប្រវត្តិ ព្រមទាំង​មានការ​ផ្តល់​ជា​ប្រភពព័ត៌មាន​ដែល​ទាក់ទង​នឹង​ការវាយតម្លៃ និង​ការព្យាករណ៍​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​។​
៣. ពិភាក្សា​អំពី​ផលប៉ះពាល់​ដែល​បាន​រកឃើញ និង​គម្លាត​យន្តការ​ស​ម្រា​ប់​គោលនយោបាយ ការអនុវត្ត និង​ការសហការ​នាពេល​អនាគត​សម្រាប់​ការ​ប្រតិបត្តិការ​ស្ថានីយឧតុនិយម និង​ស្ថានីយ​ជល​សាស្ត្រ​ស្វ័យប្រវត្តិ​ទាំងនេះ​។​
៤. ជំរុញ​កិច្ចសហប្រតិបត្តិការ និង​បណ្តាញ​រវាង​ភាគី​ពាក់ព័ន្ធ​។​

​សូមបញ្ជាក់​ផងដែរ​ថា សិក្ខាសាលា​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម (MOWRAM), គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​(NCDM), ក្រសួងបរិស្ថាន​(MoE), ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ (MAFF), ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​(MPWT), ក្រសួង​អភិវឌ្ឍន៍ជនបទ​(MRD), អាជ្ញាធរ​ទន្លេសាប​(TSA), មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ​, វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​(CDRI), អ្នកស្រាវជ្រាវ និង​និស្សិត នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC), និង​សមាជិក​នៃ​គម្រោង HEIP-ITC-SGA#19 សរុប​អ្នកចូលរួម​មាន​ចំនួន ៤០​នាក់​។