ព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ នៅអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម និងឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ អាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកប្រធាន អនុប្រធាន និងមន្ត្រីក្រោមឱវាទនាយកដ្ឋាននីតិកម្ម និងផ្សព្វផ្សាយ ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងនាយកដ្ឋាន ក្នុងស្មារតីលើកកម្ពស់ប្រសិទ្ធភាពការងាររបស់អាជ្ញាធរទន្លេសាប ។ ក្នុងកិច្ចសំណេះសំណាលនេះ ឯកឧត្តមអនុប្រធានក្តាប់រួម ក៏បានណែនាំដល់នាយកដ្ឋាន ឲ្យរៀបចំរបាយការណ៍ ស្តីពីវឌ្ឍនភាពការងាររបស់នាយកដ្ឋានឆ្នាំ ២០២៣ និងប្រមូលផ្តុំចងក្រងរាល់ឯកសារច្បាប់ បទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការប្រព្រឹត្តទៅរបស់អាជ្ញាធរទន្លេសាបរហូតមកដល់បច្ចុប្បន្ន ដើម្បីប្រជុំបូកសរុប ស្តីពីវឌ្ឍនភាពការងារ ២០២៣ របស់អាជ្ញាធរទន្លេសាប នាដើមខែមករា ឆ្នាំ ២០២៤ និងផ្សព្វផ្សាយដាក់ឲ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រអាជ្ញាធរទន្លេសាប ២០២៤-២០២៨ និងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៤ របស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ។
សូមបញ្ជាក់ថា : អាជ្ញាធរទន្លេសាប ជាស្ថាប័នសេនាធិការឲ្យរាជរដ្ឋាភិបាល ត្រូវបានបង្កើតឡើងនាឆ្នាំ ២០០៩ ក្រោមព្រះរាជក្រឹត្យលេខ នស/រកត/០៦០៩/៧០៥ ស្ថិតក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប ហើយដែលមាននាយកដ្ឋានចំនួន ០៤ និងការិយាល័យចំនួន ១៤ នៅក្រោមឱវាទអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទន្លេសាប ។