ថ្នាក់ដឹកនាំ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ប្រជុំ​តាម ZOOM ជាមួយ​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប​

​រសៀល​ថ្ងៃ​សុក្រ ១១​រោច ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២៣ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ក្តាប់​រួម និង​ជា​ប្រធាន​ក្រុមការងារ តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​ដឹកនាំ​សម្របសម្រួល​កិច្ចប្រជុំ​ពិភាក្សា​តាម ZOOM ជាមួយ​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប មុននឹង​ក្រុមការងារ​ទទួលខុសត្រូវ​តាម​មុខព្រួញ​បណ្តា​ខេត្ត​អម​ផ្លូវជាតិ​លេខ ៥ និង​លេខ ៦ ចុះ​អនុវត្ត​ការងារ​អធិការកិច្ច និង​ស្រង់​ព័ត៌មាន ទិន្នន័យ​ពាក់ព័ន្ធ​បង្គោល​កំណត់​ព្រំ​តំបន់ ៣, ផ្ទាំង​ប៉ាណូ​, តំបន់​ផ្ទៃដី​ទន្ទ្រានព្រៃ​លិច​ទឹក (​ចាស់​-​ថ្មី​), តំបន់​កាត់​ឆ្វៀល ដែល​ស្ថិតនៅតាម​ទីតាំង​ជាក់ស្តែង​ក្នុង​តំបន់ ១ តំបន់ ២ និង​តំបន់ ៣ ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ។​

សូមជម្រាបថា : កិច្ចប្រជុំ​ពិភាក្សា​នេះ មានការ​ចូល​ពី ឯកឧត្តម​អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​នាយដ្ឋាន អនុប្រធាននាយកដ្ឋាន និង​មន្ត្រី ដែលជា ប្រធាន អនុប្រធាន និង​សមាជិក​នៃ​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប សរុប​ចំនួន : ២២​នាក់ ។​

កិច្ចប្រជុំ គឺ​បាន​ពិភាក្សា​ផ្តោតលើ : 
១. កិច្ចការ​បច្ចេកទេស (​ផែនការ​ការងារ​, ការចាត់ចែង​សមាជិក​ក្រុមការងារ​, វិធីសាស្ត្រ​, និង​សម្ភារៈ​បច្ចេកទេស​) 
២. កិច្ចការ​ហិរញ្ញវត្ថុ​ក្នុងការ​ចំណាយ​
៣. បញ្ហា​ផ្សេងៗ​

​សូមបញ្ជាក់ថា : ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប របស់​អាជ្ញាធរ​ទន្លេសាប បាន និង​កំពុងតែ​ចុះ​ជួបពិភាក្សា​ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ទីរជំនាញ​ពាក់ព័ន្ធ នៅតាម​បណ្តា​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ព័ត៌មាន ទិន្នន័យបឋម​មុននឹង​ក្រុមការងារ​ចុះ​ដល់ទី​តាំង​ជាក់ស្តែង ។ ដោយឡែក មន្ត្រី​ក្រុមការងារ​ជំនាញ​បច្ចេកទេស នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ក៏​បាននិងកំពុង​យកចិត្តទុកដាក់​កែសម្រួល និង​រៀបចំ​រាល់​ឯកសារ​បច្ចេកទេស និង​ផែនទី​ពាក់ព័ន្ធ (​ទាំង​ផ្នែក​ទន់ និង​ផ្នែក​រឹង​) ដើម្បី​ជួយ​គាំទ្រ និង​សម្រួល​ដល់​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប និង​បានផ្តល់​ការបណ្តុះបណ្តាល​ពី​ការប្រើប្រាស់​កម្មវិធី​ចុះ​ប្រមូល​ទិន្នន័យ​-​ព័ត៌មាន ដោយ​ប្រើប្រាស់​កម្មវិធី (KOBO Collect) ។