ថ្នាក់ដឹកនាំ​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ទន្លេសាប ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប

​នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​បច្ចេកទេស​ជាមួយ​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ជុំវិញ​តំបន់​បឹង​ទន្លេសាប ក្រោម​ការដឹកនាំ​ដោយ​ប្រធាន​ក្រុមការងារ​ទទួលខុសត្រូវ​ប្រចាំ​តាម​មុខព្រួញ ដែលជា​ថ្នាក់ដឹកនាំ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ទន្លេសាប ដើម្បី​ត្រៀមលក្ខណៈ​កិច្ចការ​បច្ចេកទេស ក្នុង​ការដាក់​ផែន​ការចុះ​ផ្សព្វផ្សាយ និង​ចុះ​អនុវត្តន៍​តាមដាន​ត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​និយាម​កា​បង្គោលព្រំ​ការពារ​ដែន​ព្រៃ​លិច​ទឹក និង​តំបន់​កាត់​ឆ្វៀល ក្នុង​តំបន់ ១ តំបន់ ២ និង​តំបន់ ៣ ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្តកំពង់ធំ ។​

​សូមជម្រាបថា : (1). ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​ផ្សព្វផ្សាយ​ច្បាប់​បទដ្ឋាន​គតិយុត្ត  ព័ត៌មាន និង​ចំណេះដឹង​ពាក់ព័ន្ធ ដឹកនាំ​ដោយ ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ នៃ​អាជ្ញាធរ​ទន្លេសាប​, (2). ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៦ ដឹកនាំ​ដោយ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប និង (3). ប្រធាន​ក្រុមការងារ​ទទួលបន្ទុក​ប្រចាំ​មុខព្រួញ​ផ្លូវជាតិ​លេខ ៥ ដឹកនាំ​ដោយ​ឯកឧត្តម ជា សុខ​នី អគ្គលេខាធិការរង នៃ​អាជ្ញាធរ​ទន្លេសាប ។ 

​សូមបញ្ជាក់ថា : អាជ្ញាធរ​ទន្លេសាប បាន​បង្កើត​ក្រុមការងារ​ចុះ​ពិនិត្យ​តាមដាន និង​អធិការកិច្ច​ដែន​ព្រៃ​លិច​ទឹក និង​ព្រៃ​លិច​ទឹក​ស្ថិតក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប (​ខេត្តកំពង់ឆ្នាំង​, ពោធិ៍សាត់​, បាត់ដំបង​, បន្ទាយមានជ័យ​,  សៀមរាប និង​ខេត្តកំពង់ធំ​)  ដែល​រាជរដ្ឋាភិបាល​បាន​ឆ្វៀល​ចេញពី​ដែន​ព្រៃ​លិច​តំបន់​៣ មក​តំបន់​២ និង​.  ពី​តំបន់​២ មក​តំបន់​១ នៃ​អនុ​ក្រឹ​ត លេខ ១៩៧ អនក្រ​.​បក​ចុះ​ថ្ងៃទី ២៩ ខែសីហា ឆ្នាំ​២០១១ ដែលមាន​ដែន​ទំហំ ៦៤៧,៤០៦​ហិកតា     ជូន​ប្រជាពលរដ្ឋ អាស្រ័យ​ផល និង​តាំង​ទីលំនៅ ។ ក្រុមការងារ បាន និង​កំពុង​បន្ត​អនុវត្តន៍​តួនាទី​ភារកិច្ច ក្នុង​ការប្រមូល​ផ្ទៀងផ្ទាត់​ទិន្នន័យ ព័ត៌មាន​ជាក់លាក់ ដើម្បី​ពិភាក្សា​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​ថ្នាក់ក្រោម​ជាតិ​នៃ​ខេត្ត​ទាំង ៦ ជុំវិញ​បឹង​ទន្លេសាប និង​ធ្វើការ​ផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង​ពី​សារប្រយោជន៍​ធនធានធម្មជាតិ និង​ចូលរួម​កិច្ចការ​ការពារ ធនធានធម្មជាតិ​បឹង​ទន្លេសាប​ប្រកបដោយ​ចីរភាព។