ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប តបតាមការគោរពអញ្ជើញរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ។ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសន្និសីទអន្តរជាតិ ស្តីពីការងារវិស័យធនធានទឹក ដើម្បីនិរន្តរភាពបរិស្ថាននៅតំបន់អាស៊ីអាគ្នេយ៍ (Southeast Asian Water Jobs for Environmental Sustainability-SEAWAT) ដែលបានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប ។
កម្មវិធីនេះ រៀបចំដោយសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងគម្រោងកសាងសមត្ថភាពឧត្តមសិក្សា ERSMUS+ EBHE INOWASIA ដែលផ្តោតលើនវានុវត្តន៍ ការអភិវឌ្ឍកម្មវិធីអប់រំសម្រាប់បណ្តុះបណ្តាលអ្នកបច្ចេកទេសលើវិស័យធនធានទឹកឈានមុខនៅតំបន់អាស៊ីអាគ្នេយ៍។ សន្និសីទអន្តរជាតិនេះមានការចូលរួមពីអ្នកស្រាវជ្រាវថ្នាក់ជាតិ ប្រទេសក្នុងអនុតំបន់មេគង្គ និងអន្តរជាតិ រួមជាមួយក្រសួងស្ថាប័នជំនាញពាក់ព័ន្ធរបស់រាជររដ្ឋាភិបាល ។
សន្និសីទនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន ៖
• ពិភាក្សាអំពីបញ្ហាប្រឈមទាក់ទងនឹងការបណ្តុះបណ្តាលការស្រាវជ្រាវ និងកាលានុវត្តភាពលើវិស័យធនធានទឹកនិងបរិស្ថាននៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍
• ផ្តល់ឱកាសសម្រាប់អ្នកស្រាវជ្រាវក្នុងតំបន់ និងអន្តរជាតិ និងភាគីពាក់ព័ន្ធអាចផ្លាស់ប្តូរចំណេះដឹង ឧត្តមានុវត្ត និងដំណោះស្រាយបែបវិទ្យាសាស្ត្រដើម្បីដោះស្រាយបញ្ហាប្រឈមទឹក និងបរិស្ថានក្នុងតំបន់
• កំណត់ផែនទីចង្អុលផ្លូវសម្រាប់ដំណើរការអភិវឌ្ឍកម្មវិធីអប់រំ ស្រាវជ្រាវ និងនវានុវត្តន៍ពាក់ព័ន្ធនឹងទឹក និងបរិស្ថាននាពេលអនាគត ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ឆ្នាំ២០៣០។
សន្និសីទបានរៀបចំជា ៤ផ្នែក សំខាន់ៗដូចជា ៖
ផ្នែកទី ១/. កម្មវិធីអប់រំការច្នៃប្រឌិតចម្រុះសម្រាប់លើវិស័យការងារទឹក
ផ្នែកទី ២/. សហប្រតិបត្តិការសាកលវិទ្យាល័យ-ឧស្សាហកម្មដើម្បីលើកកម្ពស់ការអប់រំ និងការស្រាវជ្រាវក្នុងវិស័យទឹក
ផ្នែកទី ៣/. និរន្តរភាពបរិស្ថាននៅតំបន់អាស៊ីអាគ្នេយ៍ និងបញ្ហាប្រឈមការគ្រប់គ្រងទឹក
ផ្នែកទី ៤/. មុខងារអេកូឡូស៊ី និងការអភិរក្សជីវៈចម្រុះដែលប្រឈមមុខនឹងការផ្លាស់ប្តូរសកល ។
ក្នុងអង្គពិធីសន្និសីទនេះដែរ ឯកឧត្តម ហ៊ែល តូនី បានចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង ទិសដៅ និងទស្សនៈវិស័យរបស់អាជ្ញាធរទន្លេសាប ស្តីអំពី បច្ចុប្បន្នភាព និងអនាគតបឹងទន្លេសាប ដើម្បីធានាការប្រើប្រាស់សេវាអេកូឡូស៊ីបឹងទន្លេសាប ដែលកំពុងប្រឈមនឹងការផ្លាស់ប្តូរជាសកល។ ឯកឧត្តមក៏បានចូលរួមជាវាគ្មិនកិត្តិយសសម្រាប់កិច្ចពិភាក្សា ជាមួយភាគីពាក់ព័ន្ធ ជាតិ និងអន្តរជាតិលើប្រធានបទ៖(១).ការបណ្តុះបណ្តាលជំនាញទឹកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព(SDGs) នៃកម្មវិធីអប់រំការច្នៃប្រឌិតចម្រុះសម្រាប់ការងារលើវិស័យទឹក, (២). គម្លាតការស្រាវជ្រាវ នៅតំបន់បឹងទន្លេសាប និងទន្លេមេគង្គសម្រាប់ទិសដៅសិក្សាស្រាវជ្រាវនាពេលអនាគត នៃមុខងារអេកូឡូស៊ីនិងការអភិរក្សជីវៈចម្រុះដែលប្រឈមមុខនឹងការផ្លាស់ប្តូរសកល, (៣). ការរៀបចំឯកសារសំណើស្តីពី ការរៀបចំមន្ទីរពិសោធន៍អន្តរជាតិរួមគ្នា ។