ក្រុមការងារ​បច្ចេកទេស នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ បាន​បន្តសកម្មភាព​សិក្សា​វាយតម្លៃ និង​ផលចំណេញ​សេដ្ឋកិច្ច​ក្នុង​ផលិតកម្ម​ស្រូវប្រាំង​នៅ​វាលទំនាប​បឹង​ទន្លេសាប ខេត្តកំពង់ធំ

​នា​ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែកត្តិក ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣ មន្ត្រី​បច្ចេកទេស នៃ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប បាន​បន្ត​ធ្វើការ​សិក្សាកា​រវិ​ភាគ​តម្លៃ និង​ផលចំណេញ​ក្នុង​ផលិតកម្ម​ស្រូវ​នៅ​វាលទំនាប​បឹង​ទន្លេសាប នៅ​ឃុំ​ពង្រ​, ទ្រៀល​, ជ្រលង​, សូ​យោង និង​ឃុំ​ស្រឡៅ ស្រុក​តាំងគោក ខេត្តកំពង់ធំ​។ 

​ការសិក្សា​នេះ ទទួលបាន​លទ្ធផល​ប​ឋ​ម ដូចខាងក្រោម​៖
- ផ្ទៃដី​ស្រែប្រាំង​ក្នុងស្រុក​តាំងគោក​មាន​ចំនួន ២៣.០០០ ហិកតា ក្នុង​តំបន់​២
- ធ្វើស្រែ​ប្រាំង​បាន ២​ដង ក្នុង​មួយឆ្នាំ​
- ទិន្នផល​បាន ៣ ទៅ ៤ តោន ក្នុង​មួយ​ហិកតា ដោយ​ប្រើប្រាស់​ពូជស្រូវ OM5154 សែន​ក្រអូប និង​រំដួល​
- តម្លៃ​ស្រូវ​ក្នុង​ឆ្នាំ​២០២៣ គឺ ១២០០​រៀល​/​គ​ក្រ​
- ការធ្វើ​ស្រែប្រាំង របស់​កសិករ​ក្នុង​តំបន់​នេះ ចំណាយ​អស់​ប្រមាណ ២,៨ លាន​រៀល​/​ហ​ត ដូចជា ថ្លៃ​ពូជស្រូវ ថ្លៃ​ជួល​ភ្ជួរ​រាស់ ជួល​ច្រូត ជួល​ដឹកជញ្ជូន ថ្លៃ​ថ្នាំ​-​ជីគីមី និង​ប្រេង​/​សាំង​។​
- ចំណេញ​ចន្លោះ​ពី  ១,០០,០០០ ទៅ ១,៥០០,០០០ រៀល ក្នុង​មួយ​ហិកតា ក្នុង​មួយដង​
- បច្ចេកទេស​ធ្វើស្រែ និង​ការប្រើប្រាស់​ថ្នាំ​គីមី ជីគីមី គឺ​ធ្វើតាម​តៗ​គ្នា​។ 
- ប្រជាជន​ស្រុក​តាំងគោក មាន​សមាជិកគ្រួសារ​ចន្លោះ​ពី ៤ ទៅ ៦​នាក់​/​គ្រួសារ ប៉ុន្តែ​កម្លាំង​ពលកម្ម​ធ្វើស្រែ​មានតែ ១    ទៅ ២​នាក់ ប៉ុណ្ណោះ គឺ​ការ​ធ្វើស្រែ​ដោយ​ជួល​គេ​ធ្វើ​ឲ្យ ដែល​ធ្វើ​ឲ្យ​ចំណាយ​ច្រើន​។​
- ការ​ធ្វើស្រែ​ក្នុងស្រុក​តាំងគោក គឺ​អនុវត្តន៍​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ ដែលមាន​ផ្ទៃដី ២​ទៅ ២០ ហិកតា​/​គ្រួសារ​។ 

​សូម​ជម្រាបជូន​ថា​៖ សកម្មភាព​សិក្សា​វាយតម្លៃ និង​ផលចំណេញ​សេដ្ឋកិច្ច​ក្នុង​ផលិតកម្ម​ស្រូវប្រាំង​នៅ​វាលទំនាប​បឹង​ទន្លេសាប ខេត្តកំពង់ធំ គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព ដែល​ត្រូវ​បានអនុម័ត​ឱ្យ​អនុវត្តន៍​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ នៃ​អាជ្ញាធរ​ទន្លេសាប ។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​ដើម្បី​៖
- វិភាគ​ចរន្ត​សេដ្ឋកិច្ច​ពី​របរ​ស្រែប្រាំង​ក្នុង​តំបន់​សិក្សា​
- វិភាគ​ថ្លៃដើម​ផលិតកម្ម និង​ផលិតផល​ផលិតកម្ម​ស្រែប្រាំង​
- ស្វែងយល់ និង​វិភាគ​ចំណូល​ចំណាយ​ពី​ការធ្វើ​របរ​ស្រែប្រាំង​
- បញ្ហា​ប្រឈម​ក្នុង​ការងារ​ធ្វើស្រែ​របស់​ប្រជាពលរដ្ឋ​
- ចងក្រង​ជា​ឯកសារ​ពី​តម្លៃ​ស្រូវ ទីផ្សារ ទិន្នផល ពូជស្រូវ​តាម​ឆ្នាំ​/​តំបន់​។