នាថ្ងៃពុធ ៣ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ រ៉ាយ៉ុង ជាប្រធានការិយាល័យអភិរក្ស របស់នាយកដ្ឋានត្រួតពិនិត្យការធ្វើអាជីវកម្ម និងអភិរក្ស បានដឹកនាំក្រុមការងារបន្តចុះសិក្សាស្រាវជ្រាវអំពីបម្រែបម្រួលបរិស្ថាន និងធនធានជលផលក្នុងតំបន់រ៉ាមសារស្ទឹងសែន ស្ថិតនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ការសិក្សាស្រាវជ្រាវនេះ ក្រុមការងារបាន ៖
ទី១. ជួបជាមួយក្រុមប្រឹក្សាឃុំ សង្កាត់រដ្ឋបាលជលផលដើម្បីដឹងពីបម្រែបម្រួលស្ថានភាពបរិស្ថាន ធនធានជលផល មូលហេតុនៃបម្រែបម្រួលទាំងនេះ និងស្ថានភាពជលសាស្ត្រ។
ទី២. ជួបជាមួយប្រជានេសាទ ដើម្បីយល់ដឹងពីបរិមាណផលនេសាទ បម្រែបម្រួលផលនេសាទ និងកត្តាបទល្មើសផ្សេងៗ។
ទី៣. ពិនិត្យ និងអង្កេតផ្ទាល់ពីស្ថានភាពទូទៅមួយចំនួនក្នុងតំបន់រ៉ាមសារស្ទឹងសែន។
ជាមួយនឹងសកម្មភាពសិក្សានៅតំបន់ពាក់ព័ន្ធខាងលើនេះ ក្រុមការងារមន្ត្រីបច្ចេកទេស បានរកឃើញនូវលទ្ធផលដូចខាងក្រោម៖
១. ស្ថានភាពទឹកទន្លេមានលក្ខណៈឡើងយឺត និងទឹកស្អុយរយៈពេលយូរជាងរាល់ឆ្នាំ ហើយកម្ពស់ទឹកឆ្នាំនេះទាបជាងឆ្នាំមុនជាង ០១ម៉ែត្រ។ ស្ថានភាពនេះធ្វើឲ្យត្រីមានការបន្តពូជយឺត និងលូតលាស់ធំធាត់យឺតផងដែរ។
២. បញ្ហាអាកាសធាតុនៅក្នុងតំបន់នេះមានការប្រែប្រួលខ្លាំងដូចជា ការកើនឡើងកំដៅ ទឹកកង្វក់ខ្យល់ព្យុះ ឬខ្យល់កន្ត្រាក់តែងកើតមានជាញឹកញាប់ ធ្វើអោយប្រជាជននៅក្នុងតំបន់នេះពិបាកក្នុងការរស់នៅ ពិសេសប្រជាជនដែលពឹងផ្អែកទាំងស្រុងលើរបរនេសាទ។
៣. មានការកើនឡើងច្រើនគួរអោយកត់សម្គាល់ រួមមានសត្វស្លាប ពស់ថ្លាន់ ស្វា និងភេ។
៤. បរិមាណផលនេសាទ មិនទាន់មានការប្រែប្រួលណាមួយ ដែលអាចវាយតម្លៃពីភាពសម្បូរ ឬខ្សត់នៅឡើយ ព្រោះបច្ចុប្បន្ននៅមានភ្លៀង ផ្គរ ស្ទើររាល់ថ្ងៃ ជាហេតុធ្វើអោយត្រីមិនទាន់បំលាស់ទីចេញពីក្នុងព្រៃ និងជម្រករបស់វាចុះមកទន្លេមេគង្គតាមទន្លេសាបនៅឡើយ។
៥. ប្រជានេសាទជាច្រើនមានការត្អូញត្អែរពីការកើនឡើងនៃសត្វភេ ដែលតែងតែមកចាប់ហែកលបយកត្រីធ្វើជាចំណី ដែលពី៤ ឬ ៥ឆ្នាំមុន ស្ទើតែមិនធ្លាប់ជួបប្រទះ។
សូមជម្រាបជូនថា៖ សកម្មភាពចុះសិក្សាស្រាវជ្រាវអំពីបម្រែបម្រួលបរិស្ថាន និងធនធានជលផលក្នុងតំបន់រ៉ាមសារស្ទឹងសែន ខេត្តកំពង់ធំ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗជាច្រើន ដែលត្រូវបានអនុម័តដាក់ឲ្យអនុវត្តនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៣ របស់អាជ្ញាធរទន្លេសាប។
សកម្មភាពខាងលើនេះ មានគោលបំណង៖
- ស្វែងយល់ពីស្ថានភាពបរិស្ថាន និងធនធានជលផលនៅតំបន់រ៉ាមសារស្ទឹងសែន។
- វាយតម្លៃបម្រែបម្រួលបរិស្ថាន និងធនធានជលផលក្នុងតំបន់រ៉ាមសារស្ទឹងសែន។
- ផ្តល់ជាអនុសាសសម្រាប់កែលម្អ និងវិធានការបន្សាំទៅនឹងការប្រែប្រួលដើម្បីធានាបាននូវការអភិរក្ស អភិវឌ្ឍន៍បរិស្ថាន និងធនធានជលផលក្នុងតំបន់រ៉ាមសារស្ទឹងសែនឲ្យមានភាពប្រសើរឡើង។