ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន ទទួលបន្ទុក​ក្តាប់​រួម អាជ្ញាធរ​ទន្លេសាប ដឹកនាំ​ពិភាក្សា អំពី​យន្តការ និង​ដំណើរការ​នៃ​ការរៀបចំ​របាយការណ៍​បច្ចេកទេស​លទ្ធផល​សិក្សា​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ទន្លេសាប

​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤ កើត ខែកត្តិក ឆ្នាំថោះ ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប បានរៀបចំ​ពិភាក្សា អំពី​យន្តការ និង​ដំណើរការ​នៃ​ការរៀបចំ​របាយការណ៍​បច្ចេកទេស​លទ្ធផល​សិក្សា​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ទន្លេសាប ក្រោម​ការដឹកនាំ​សម្របសម្រួល​ដោយ ឯកឧត្តម ហ៊ែ​ល តូ​នី អនុប្រធាន​ទទួលបន្ទុក​ក្តាប់​រួម និង​មានការ​ចូលរួម​ពី ឯកឧត្តម​អនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​នាយកដ្ឋាន និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ។ 

​ក្នុង​អង្គប្រជុំ​នេះ​ផងដែរ ឯកឧត្តម លឹម ពុ​យ អនុប្រធាន អ​.​ទ​.​ស បានធ្វើការ​ចែករំលែក​នូវ​ទស្សនៈវិស័យ​សម្រាប់​សកម្មភាព​ស្រាវជ្រាវ នៅ​បឹង​ទន្លេសាប​ក្នុង​ឆ្នាំ ២០២៤ និង​ការធ្វើ​សំយោគ​ឯកសារ​បច្ចេកទេស​ជា ៣ ផ្នែក ៖ 
* ផ្នែក​ទី​១. ស្ថានភាព​ជីវវិទ្យា នៃ​បឹង​ទន្លេសាប ក្រោម​ផ្លូវ​​ជាតិ​លេខ ៥ និង​លេខ ៦ (​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​កំពង់ធំ​)​។​
* ផ្នែក​ទី​២. ស្ថានភាព​ធនធាន​ជលផល នៅ​តំបន់​ទន្លេសាប​, ព្រៃ​លិច​ទឹក លំនៅដ្ឋាន​ធនធាន​ត្រី និង​វិស័យ​កសិកម្ម​នៅ​តំបន់​៣ ។​
* ផ្នែក​ទី​៣. ទស្សនៈវិស័យ​ក្នុងការ​គ្រប់គ្រង​នាពេល​អនាគត​។​

​បន្ទាប់ពី​អង្គប្រជុំ បាន​ស្តាប់​បទ​បង្ហាញ​នៃ​ការចែករំលែក និង​ពិភាក្សា ឯកឧត្តម​ប្រធាន​អង្គប្រជុំ បាន​កោតសរសើរ​ចំពោះ​ការចែករំលែក​គំនិត​ទស្សនៈទាន​របស់ ឯកឧត្តម លឹម ពុ​យ ក្នុង​ស្មារតី​ចូលរួម​គាំទ្រ​ដំណើរការ​នៃ​ការរៀបចំ​ឯកសារ​បច្ចេក​ទេស​លទ្ធផល​សិក្សា​ស្រាវជ្រាវ​របស់ អាជ្ញាធរ​ទន្លេសាប ឲ្យ​មាន​ប្រសិទ្ធភាព ។ ជាមួយគ្នា​នោះដែរ ឯកឧត្តម​ប្រធាន​អង្គប្រជុំ ក៏បានផ្តល់​ការណែនាំ​ទៅ​ឯកឧត្តម សរ គឹម​សាន្ត អគ្គលេខាធិការ ឲ្យ​ពិនិត្យ​រៀបចំ​ក្រុមការងារ ដើម្បី​រៀបចំ​ឯកសារ​បច្ចេកទេស​ដែល​បាន​សិក្សា​ស្រាវជ្រាវ​កន្លងមក​រប​ស់​អាជ្ញាធរ​ទន្លេសាប ស្របតាម​ការណែនាំ និង​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​ប្រធាន អាជ្ញាធរ​ទន្លេសាប និង​ពិនិត្យមើល​ការពង្រឹង​យន្តការ​ការងារ​ជាមួយ​នាយកដ្ឋាន​នីតិកម្ម និង​ផ្សព្វផ្សាយ ក្នុងការ​ជម្រុញ​ការរៀបចំ Tonle Sap E-library ឲ្យ​ស្របតាម​ការកំណត់​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ អាជ្ញាធរ​ទន្លេសាប ២០២៤-២០២៨ ។