នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម សរ គឹមសាន្ត អគ្គលេខាធិការ អាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា និងប្រកាសបើកកម្មវីធីស្តីពី សិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍សិក្សាស្រាវជ្រាវផលប៉ះពាល់នៃលំហូរទឹកទាប ពីទន្លេមេគង្គទៅកាន់បឹងទន្លេសាបលើជីវភាពរបស់សហគមន៍បឹងទន្លេសាប និងបរិស្ថានធម្មជាតិ ដោយមានការចូលរួមពីសហគមន៍បឹងទន្លេសាប និងទន្លេមេគង្គគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា, តំណាងរដ្ឋបាលជលផល, អង្គការ World Fish, តំណាងអង្គការ Oxfam និងតំណាងរដ្ឋសភា ដែលមានមនុស្សសរុប ៤៤នាក់ (ស្រី ៩នាក់) ។
សុន្ទរកថាគន្លឺះរបស់ឯកឧត្តមបានផ្តោតថា បឹងទន្លេសាបជាបេះដូងកម្ពុជា បឹងទន្លេសាបជាជម្រុក និងជម្រកជីវចម្រុះគ្រប់ប្រភេទ បឹងទន្លេសាបធំជាងគេនៅអាស៊ីអាគ្នេយ៍ ដែលអាចរីកក្រឡាផ្ទៃរហូតដល់ជាង 15,000 គីឡូម៉ែត្រការ៉េ ជាមួយជម្រៅទឹកបឹង 10 ម៉ែត្រ នៅរដូវវស្សា ឆ្នាំ២០០០ ដែលបង្កដោយលំហូរទឹកទន្លេមេគង្គទៅកាន់បឹងទន្លេសាប។ តែជាងពីរទសវត្សរ៍ចុងក្រោយនេះ ការអភិវឌ្ឍតាមដងទន្លេមេគង្គផ្នែកខាងលើ ការប្រែប្រួលអាកាសធាតុ កត្តាមនុស្ស និងកត្តាផ្សេងៗទៀត បានដាក់សម្ពាធលើទន្លេមេគង្គ ហើយបានបន្តជះឥទ្ធិពលយ៉ាងខ្លាំងលើការប្រែប្រួលរបបលំហូរជលសាស្ត្រទន្លេមេគង្គមកកាន់បឹងទន្លេសាប។ ជាក់ស្តែងឆ្នាំ២០២៣នេះ បឹងទន្លេសាបមានកម្ពស់អតិបរិមាត្រឹមតែ 6.95 ម៉ែត្រ (ហើយមានរយៈពេលខ្លី មិនដល់ត្រឹម១០ថ្ងៃផង កម្ពស់ទឹកចាប់ ផ្តើមស្រកទៅវិញ) បើប្រៀបធៀបនឹងកម្ពស់ទឹកឆ្នាំ២០០០ ខុសគ្នាប្រមាណជា 30% ។ កត្តានេះបានបង្កដល់ការប៉ះពាល់យ៉ាងខ្លាំង មិនត្រឹមតែជីវភាពរបស់ប្រជាសហគមន៍បឹងទន្លេសាបនោះទេ ថែមទាំងប៉ះពាល់ដល់ជីវចម្រុះផងដែរ។
ឯកឧត្តមបានមានប្រសាសន៍ផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ឲ្យសស្រាក់សស្រាំផ្តល់គំនិតយោបល់ មតិត្រលប់ និងមតិកែលម្អ លើលទ្ធផលសិក្សាស្រាវជ្រាវនេះឲ្យកាន់តែគ្រប់ជ្រុងជ្រោយសម្រាប់ថ្ងៃនេះ និងអនាគត ដើម្បីបឹងទន្លេសាបរបស់យើងទាំងអស់គ្នា។
សូមជម្រាបថា៖ ក្នុងសិក្ខាសាលាផ្សព្វផ្សាយនេះដែរ លោកខ្វាន់ ភត្ត្រា អនុប្រធាននាយកដ្ឋានធនធានធម្មជាតិ បានចូលរួមជាវាគ្មិនឆ្លើយសំណួរ និងពិភាក្សា “ដំណោះស្រាយបែបណាលើផលប៉ះពាល់សហគមន៍ និងបឹងទន្លេសាបដោយលំហូរទាបពីទន្លេមេគង្គទៅកាន់បឹងទន្លេសាប” (១). អាជ្ញាធរទន្លេសាបមានផែនការយុទ្ធសាស្ត្ររបស់ខ្លួន 2024-2028 ដោយមានផ្នែកសេដ្ឋកិច្ចសង្គម ជាទិសដៅយុទ្ធសាស្ត្រ សម្រាប់ការសិក្សាស្រាវជ្រាវ និងរៀបចំគោលនយោបាយការងារ និងមុខរបរ តំបន់បឹងទន្លេសាប(២). បឹងទន្លេសាបមានប្រភពទឹកចំនួនបីធំៗ ទឹកពីទន្លេមេគង្គប្រមាណ ៥២% ទឹកពីដៃស្ទឹងធំៗទាំង១១ ប្រមាណ ៣៨% និងទឹកពីទឹកភ្លៀងប្រមាណ ១០% យើងពិតជាពិបាកណាស់ក្នុងការធ្វើឲ្យលំហូរទឹកទន្លេមេគង្គត្រលប់មកភាពប្រក្រតីមកវិញ តែយើងអាចឲ្យបឹងទន្លេសាបបន្សាំខ្លួន (resilience) បានទៅនឹងការប្រែប្រួលរបបជលសាស្ត្រ ទោះជម្រៅទឹក ៦ម៉ែត្រ ឬ ៧ម៉ែត្រក្តី ដោយមានការសិក្សាបែបវិទ្យាសាស្ត្រមួយថា តើបឹងទន្លេសាបយើងត្រូវការទឹកចំនួនប៉ុន្មានដើម្បីរស់ដោយផ្សាភ្ជាប់ជាមួយប្រព័ន្ធអេកូឡូស៊ីរួមមាន ទឹក ត្រី ព្រៃ មនុស្ស និងបរិស្ថានធម្មជាតិ។