ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ ដឹកនាំ​ដោយ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា ស្តីពី​បច្ចុប្បន្នភាព​ប្រព័ន្ធធារាសាស្ត្រ នៅ​ខេត្តបន្ទាយមានជ័យ

​នា​ថ្ងៃ​សុក្រ ៥​រោច ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ ដឹកនាំ​ដោយ លោក វិ​ន ប៊ុន​ពៅ ប្រធាន​នាយកដ្ឋាន បាន​បន្ត​ចុះ​សិក្សា ស្តីពី​បច្ចុប្បន្នភាព​ប្រព័ន្ធធារាសាស្ត្រ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក និង​ឃុំ​គយ​ម៉ែង ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យ ។​
​ក្នុង​សកម្មភាព​នេះ ក្រុមការងារ​បាន​ជួបពិភាក្សា និង​សាកសួរ​ព័ត៌មាន​ជាមួយ​អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ និង​ការចុះ​ដល់ទី​តាំង​សិក្សា ដើម្បី​ពិនិត្យ​ស្ថានភាព​ការប្រើប្រាស់​ទឹក​ពី​ប្រព័ន្ធ​ស្រោចស្រព​ខាងលើ និង​ស្ថានភាព​បង្កបង្កើនផល​ទូទៅ​របស់​ប្រជាពលរដ្ឋ ។​

​ជាមួយនឹង​សកម្មភាព​នេះ ការចុះ​សិក្សា​ស្រាវជ្រាវ​ខាងលើ ទទួលបាន​លទ្ធផល​ដូចខាងក្រោម ៖
​ទី​១. ប្រព័ន្ធធារាសាស្ត្រ​ទំនប់​អាង​ត្រពាំងថ្ម ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែល​បច្ចុប្បន្ន​អាង​អាច​ស្តុក​ទឹកបាន​ប្រមាណ​ពី ៣០០-៥០០ លាន​ម៉ែត្រគូប និង​មានលទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃ​ដីស្រែ​ស្រូវវស្សា និង​ស្រូវប្រាំង​ប្រមាណ ១០ ម៉ឺន​ហិកតា រួមមាន​ប្រឡាយ​មេ ប្រឡាយ​រង ប្រឡាយ​ស្រោចស្រព និង​ប្រឡាយ​នាំ​ទឹក​មាន​សរុប ១៥ ខ្សែ ប្រវែង​សរុប ២០-៣០ គម និង​ទំនប់​បង្ហៀរ ទំនប់​សណ្តរ និង​សំណង់​ទ្វារ​ទឹក​ស្វ័យប្រវត្តិ ។​
​ទី​២. សំណង់​ទំនប់​ស្ទាក់​ទឹក​សិរី​មង្គល ស្រុក​បង្គ​ល​បុរី ខេត្តបន្ទាយមានជ័យ ដែល​អាច​រក្សា​ទឹកបាន​ប្រមាណ ៥០ លាន​ម៉ែត្រគូប និង​មានលទ្ធភាព​ស្រោចស្រព ចំនួន ១០.០០០ ​ហិកតា ។​
ទី​៣. ទ្វារ​ទឹក​នៃ​អាង​ត្រពាំងថ្ម គឺ​ត្រូវបាន​បើក ដើម្បី​បង្ហូរទឹក​ចេញពី​អាង​មួយចំនួន​តូច សម្រាប់​បម្រើអោយ​ប្រជាកសិករ​នៅ​ផ្នែក​ខាងលើ​ទំនប់​ប្រមូល​ផល​ស្រូវវស្សា និង​បន្តធ្វើ​ស្រែប្រាំង ឬ​ស្រូវ​ដើមរដូវ និង​សំណង់​ស្ទាក់​ទឹក​សិរី​មង្គល​ត្រូវបាន​លិច ។ បច្ចុប្បន្ន​ក្នុង​សិក្សា​នៅ​មិនទាន់​ចាប់ផ្តើម​ការងារ​បង្កប​ង្កើ​ន​ផល​ទេ ព្រោះ​ដីស្រែ​នៅ​បន្ត​មាន​ជំនន់​ទឹក​លិច​ពី ៣០ ទៅ ៨០ សម ។​
ទី​៤. អាង​ត្រពាំងថ្ម ចាប់ផ្តើម​សាងសង់​ដំបូង នៅ​ឆ្នាំ​១៩៧៧ ដោយ​កម្លាំង​មនុស្ស​រាប់ពាន់នាក់ នា​របប​ខ្មែរក្រហម ដែល​អាចមាន​លទ្ធភាព​ស្តុក​ទឹកបាន​ប្រមាណ​តែ ៥០ លាន​ម៉ែត្រគូប ។ អាងទឹក​នេះ​ត្រូវបាន​ចាប់ផ្តើម​ស្តារឡើងវិញ​នៅ​ខែសីហា ឆ្នាំ​២០០៤ ក្រោម​មូលនិធិ​បដិភាគ​នៃ​គម្រោង​របស់​រដ្ឋាភិបាល​ជប៉ុន សហការ​ជាមួយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​សំណង់​ស្ទាក់​ទឹកស្ទឹង​មង្គលបុរី ចាប់ផ្តើម​សាងសង់​នា​ឆ្នាំ ២០១៨ ។​

​សូម​ជម្រាបជូន​ថា ៖ សកម្ម​ភាពចុះ​សិក្សា ស្តីពី​បច្ចុប្បន្នភាព​ប្រព័ន្ធធារាសាស្ត្រ ក្នុង​ខេត្តបន្ទាយមានជ័យ នៃ​ខេត្ត​ទាំង ៦ ជុំវិញ​តំបន់​ទន្លេសាប គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០២៣ របស់​ការិយាល័យ​ធនធានទឹក​នៃ​នាយកដ្ឋាន​ធនធានធម្មជាតិ របស់​អាជ្ញាធរ​ទន្លេសាប ។ 

​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​ដើម្បី ៖
- ប្រមូល​ព័ត៌មាន ទិន្នន័យ និង​បច្ចុប្បន្នភាព​ស្តីពី​ប្រព័ន្ធធារាសាស្ត្រ ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​តំបន់​ទន្លេសាប​។​
- ពិនិត្យ​វាយតម្លៃ​លើ​ការប្រើប្រាស់​ទឹក និង​គ្រប់គ្រង​ធនធានទឹក ក្នុង​ខេត្ត​ទាំង ៦ ជុំវិញ​តំបន់​ទន្លេសាប ។