នៅសាលប្រជុំទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម ទទួលរៀបចំគោលនយោបាយ និងផែនការយុទ្ធ របស់អាជ្ញាធរទន្លេសាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជា ប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ អាជ្ញាធរទន្លេសាប ២០២៤-២០២៨ និងដំណើរការរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ២០២៤ របស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរទន្លេសាប ។
សូមជម្រាបថា កិច្ចប្រជុំពិនិត្យពិភាក្សាខាងលើនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គលេខាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប សរុបចំនួន ៦៩ រូប ។
កិច្ចប្រជុំ បានពិនិត្យ និងពិភាក្សាលើ ៖
១. លទ្ធផល និងបទពិសោធន៍នៃការអនុវត្តរយៈពេល ៣ ឆ្នាំ នៃដំណើការផែនការយុទ្ធសាស្ត្រ អាជ្ញាធរទន្លេសាប ២០២១-២០២៥ ដើម្បីធ្វើបច្ចុប្បន្នភាពផែនការឲ្យស្របនឹងគោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល
២. សេចក្តីព្រាងផែនការយុទ្ធសាស្ត្រ អាជ្ញាធរទន្លេសាប ២០២៤-២០២៨
៣. ទម្រង់តារាងម៉ាទ្រិចសកម្មភាពផែនការប្រចាំឆ្នាំ ២០២៤ របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ដើម្បីចូលរួមអនុវត្តគាំទ្រដល់ដំណើរការផែនយុទ្ធសាស្ត្រ អាជ្ញាធរទន្លេសាប ២០២៤-២០២៨ ឲ្យមានប្រសិទ្ធភាព ។
តាមរយៈនៃការពិនិត្យ និងពិភាក្សា អង្គប្រជុំ បានចូលរួមមតិយោបល់ ដែលជាធាតុចូលដ៏មានសារៈសំខាន់បន្ថែមទៀតក្នុងការធ្វើឲ្យផែនការយុទ្ធសាស្ត្រកាន់តែប្រសើរឡើង និងយកទៅអនុវត្តឲ្យស្របតាមបរិបទជាក់ស្តែង ។ ជារួម អង្គប្រជុំ បានឯកភាព និងគាំទ្រ ៖ (១). ខ្លឹមសារ អត្ថន័យ (ចក្ខុវិស័យ, បេសកកម្ម, គោលដៅ, ទិសដៅ សកម្មភាពយុទ្ធសាស្ត្រ និងការតាមដានត្រួតពិនិត្យ វាយតម្លៃ) លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ អ.ទ.ស ២០២៤-២០២៨ ដែលនឹងចូលរួមលើកកម្ពស់ដល់ការអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល, (២). បន្តពិនិត្យរៀបចំសកម្មភាពអនុវត្តប្រចាំឆ្នាំ ២០២៤ ចូលតារាងម៉ាទ្រិច ឲ្យបានត្រឹមត្រូវស្របនឹងតួនាទីភារកិច្ចរបស់នាយកដ្ឋាន និងការិយាល័យក្រោមឱវាទអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ដើម្បីរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ ២០២៤ របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរទន្លេសាប ក្នុងស្មារតីយកចិត្តទុកដាក់ និងគាំទ្រផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។