រាជធានីភ្នំពេញ : ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានសហការជាមួយក្រសួង-ស្ថាប័ន ដៃគូរអភិវឌ្ឍ និងសង្គមស៊ីវិលនានា បានរៀបចំវេទិកាជាតិអាហារូបត្ថម្ភលើកទី១០ ក្រោមប្រធានបទ ស្តីពី "ការពង្រឹងប្រព័ន្ធស្បៀងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ" ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ អង្គវេទិកាបានអានសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងវេទិកាជាតិអាហារូបត្ថម្ភ លើកទី១០ ដែលក្នុងនោះរាជរដ្ឋាភិបាលបានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួន ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ទី ១ ឱ្យទទួលបានជោគជ័យ ពិសេសមុំទី៤ " ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង "។ តំណាងដៃគូអភិវឌ្ឍ បានធ្វើបង្ហាញពីតម្រូវការនៃអាហារូបត្ថម្ភទូទៅសម្រាប់ប្រជាជនកម្ពុជា និងវិភាគអំពីបញ្ហានៃការបំពេញកង្វះសារធាតុចិញ្ចឹម ទាក់ទងទៅនឹងបម្រែបម្រួលអាកាសធាតុដែលយើងកំពុងជួបប្រទះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមអំពី ការរៀបចំទិវាជាតិអាហារូបត្ថម្ភ គឺបានប្រារព្វចំនួន ៩ លើករួចមកហើយចាប់តាំងពីឆ្នាំ២០១៤ មក ដោយជ្រើសយក ថ្ងៃទី ០៦ ខែវិច្ឆិកា ជារាងរាល់ឆ្នាំ និងសូមគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន អនុវត្តតាមអនុសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការយកចិត្តទុកដាក់លើការពង្រឹងប្រព័ន្ធស្បៀងឱ្យបានរឹងមាំ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ ពិសេសគោលដៅទី២ គឺ បញ្ចប់ភាពអត់ឃ្លាន សម្រេចឱ្យបាននូវសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងវិញអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព។