នាថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ លោក ខូវ វេងសុង ប្រធានការិយាល័យធនធានរ៉ែ និងលោក ឃាន ច័ន្ទតារា អនុប្រធានការិយាល័យព័ត៌មានភូមិសាស្ត្រ និងផែនទី បានចូលរួមសិក្ខាសាលាស្តីពី ការដាក់លេខកូដនាមភូមិសាស្ត្រ និងការប្រើប្រាស់នៅកម្ពុជា នៅទីស្តីការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ហើយមានការសម្របសម្រួលដោយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ដែលមានសិក្ខាកាមចូលរួមមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងរាជធានី-ខេត្តទាំង២៥ ក្រុមហ៊ុនឯកជន សរុបអ្នកចូលរួមចំនួន ១៨០រូប ។
សិក្ខាសាលានេះមានគោលបំណង ៖
១. ជម្រាបជូនដល់គ្រប់ក្រសួងស្ថាប័នបានយល់ពីការដាក់លេខកូដនាមភូមិសាស្ត្រត្រឹមត្រូវឲ្យមានការឯកភាពគ្នា។
២. ផ្សព្វផ្សាយពីអត្ថប្រយោជន៍ការប្រើប្រាស់លេខកូដនាមភូមិសាស្ត្រទូទាំងប្រទេស ។
ទន្ទឹមនឹងនេះក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំគ្រប់ក្រសួងស្ថាប័ន បន្តផ្តល់កិច្ចសហការ និងការប្រើប្រាស់លេខកូដនាមភូមិសាស្ត្រ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ និងប្រើប្រាស់ដូចមាននៅក្នុងបញ្ជីរាយនាមភូមិសាស្ត្រ ក្នុងគោលដៅធានាបាននូវការឯកភាព និងស្តង់ដាសម្រាប់បម្រើអោយការប្រើប្រាស់ ក៏ដូចជាការផ្លាស់ប្តូរទិន្នន័យភូមិសាស្ត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។