លោក ហេង សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​អាជីវកម្ម និង​អភិរក្ស ចូលរួម​កិច្ចប្រជុំ​ជំនាញ​ផ្នែក​បរិស្ថាន​ថ្នាក់​តំបន់ ស្តីពី​របាយការណ៍​តាមដាន​ភាពសម្បូរ​បែប និង​ភាព​ផ្សេងគ្នា​នៃ​ប្រភេទ​ត្រី​ឆ្នាំ​២០១៨-២០២២ នៅ​ប្រទេស​វៀតណាម​

​ថ្ងៃ ១១​កើត ដល់ ១២​កើត ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៥ -២៦ ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ​កម្ពុជា​ដែលមាន​ការចូលរួម​ពី​អាជ្ញាធរ​ទន្លេសាប​, រដ្ឋបាល​ជលផល និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​ជំនាញ​ផ្នែក​បរិស្ថាន​ថ្នាក់​តំបន់ ស្តីពី​របាយការណ៍​តាមដាន​ភាពសម្បូរ​បែប និង​ភាព​ផ្សេងគ្នា នៃ​ប្រភេទ​ត្រី ឆ្នាំ ២០១៨-២០២២ និង​ឯកសារ​គោលនយោបាយ​ជម្រើស​ការវិនិយោគ និង​វិធានការ​ពាក់ព័ន្ធ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​ជលផល ក្រោម​ការផ្លាស់ប្តូរ​ស្ថានភាព​ទន្លេ​ថ្ងៃទី​២៥-២៦ ដោយមាន​ការចូលរួម​ពី​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ (​កម្ពុជា ឡាវ ថៃ និង​វៀតណាម​) និង​មន្ត្រី​លេខាធិការដ្ឋាន​គណៈកម្មកា​រ​ទន្លេមេគង្គ​។ 

​កិច្ចប្រជុំ​នេះ​មាន​គោលបំណង ៖
១. ចែករំលែក​របកគំហើញ ក៏ដូចជា​ស្ថានភាព និង​និន្នាការ​នៃ​របាយការណ៍​តាមដាន​សម្បូរបែប និង​ភាព​ផ្សេងគ្នា​នៃ​ប្រភេទ​ត្រី​ក្នុង​អាង​ទន្លេមេគង្គ​ក្រោម សម្រាប់​ឆ្នាំ ២០១៨-២០២២​។​
២. ពិភាក្សា​លើ​ការរួមបញ្ចូល​ទិន្នន័យ​ការតាមដាន​ភាពសម្បូរ​បែប និង​ភាព​ផ្សេងគ្នា​នៃ​ប្រភេទ​ត្រី ជាមួយ​ការវាយតម្លៃ​ទិន្នផល​ជលផល​ទៅតាម​ប្រភេទ​ទីជម្រក និង​ការរួមចំណែក​ដល់​របា​យ​ការណ៍​ស្ថានភាព​អាង​ទន្លេមេគង្គ​ឆ្នាំ​២០២៣​។​
៣. ប្រមូល​មតិយោបល់ និង​អនុសាសន៍​ពី​ប្រទេស ជា​សមាជិក ដើម្បី​បង្កើន​គុណភាព​នៃ​របាយការណ៍​។​
៤. ពិនិត្យ និង​ពិភាក្សា​អំពី ឯកសារ​គោលនយោបាយ​ជម្រើស​ការវិនិយោគ និង​វិធានការ​ពាក់ព័ន្ធ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​ជលផល ក្រោម​ការផ្លាស់ប្តូរ​ស្ថានភាព​ទន្លេ​។​
៥. ពិភាក្សា​អំពី​ជំ​ហ៊ាន​បន្ត​ដើម្បី​អនុវត្ត​ឯកសារ​គោលនយោបាយ​នេះ​។