លោក ព្រហ្ម សុ​គំនិត អនុប្រធាន​ការិយាល័យ​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម​លើ​ធនធានធម្មជាតិ នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស បាន​ដឹកនាំ​មន្ត្រី​ក្នុង​ការិយាល័យ​បន្ត​ចុះ​សិក្សា​ស្រាវជ្រាវ អំពី​ការវាយតម្លៃ​លើ​ការ​ធ្វើ​អាជីវកម្ម​ត្រី ត្រី​

​នៅ​ថ្ងៃ​អង្គារ ៣​កើ​ត ដល់​ថ្ងៃ​សៅរ៍ ៧​កើត ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ១៧ ដល់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២៣ ក្រុមការងារ​មន្ត្រី​នាយកដ្ឋាន​ត្រួតពិនិត្យ​ការធ្វើ​អាជីវកម្ម និង​អភិរក្ស ដឹកនាំ​ដោយ​លោក ព្រហ្ម  សុ​គំនិត អនុប្រធាន​ការិយាល័យ បាន​បន្ត​ចុះ​សិក្សាការ អំពី ការវាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ វារីវប្បកម្ម និង​ចរន្ត​ទីផ្សារ​ច្រកចេញ​-​ចូល ស្ថិតនៅ​ឃុំ​កំពង់​លួង ស្រុក​ក្រគរ និង​ឃុំ​កញ្ជរ ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។ 

​ការចុះ​សិក្សា​នេះ ក្រុមការងារ​ស្រាវជ្រាវ បានធ្វើការ​ជាមួយ ៖ 
១. ជួប​សម្ភាស​ជាមួយ​អាជ្ញាធរ​ដែនដី និង​វា​រី​វប្បករ​។ 
២. ជួប​សម្ភាស​ជាមួយ​ប្រជា​នេសាទ និង​អាជីវក​រទិញ​-​លក់​ត្រី​។ 
៣. ដឹង​ពី​បរិមាណ​នៃ​ការធ្វើ​អាជីវកម្ម  និង​តម្លៃ​ត្រី​។​

​ជាមួយនឹង​សកម្មភាព​នេះ​ផងដែរ​ក្រុមការងារ​ចុះ​សិក្សា​នៅ​តំបន់​ពាក់ព័ន្ធ​ខាងលើ ជា​លទ្ធផល​ឃើញថា ៖ 
​ទី​១. ការធ្វើ​អាជីវកម្ម​ត្រី​មាន​ចំនួន ២  ទីតាំង បរិមាណ​ត្រី ក្នុង​មួយ​ទីតាំង​ជា​មធ្យម​ប្រមាណ ២.៥​តោន​/​ថ្ងៃ និង​ត្រី​នុយ​ជា​មធ្យម ៣.៥​តោន​/​ថ្ងៃ ។  
​ទី​២. ការធ្វើ​អាជីវកម្ម​ត្រី និង​ត្រី​នុយ ប្រជា​នេសាទ​ប្រើប្រាស់​ឧបករណ៍​នេសាទ មង​រាយ បរ សម្រាស់ ឡើ​រ របាំង​ស្បៃ​មុង​....​។ 
​ទី​៣. តម្លៃ​ត្រី​សម្រាប់​បរិភោគ​មានតម្លៃ​ចន្លោះ​ពី ១០.០០០-  ៥០.០០០​រៀល​/​គីឡូក្រាម  និង​តម្លៃ​ត្រី​នុយ ចន្លោះ​ពី  ១.៣០០-២.០០០ រៀល​/​គីឡូក្រាម​។ ត្រី​សម្រាប់​បរិភោគ​អាជីវករ​លក់​ក្នុង​តំបន់  និង​មួយចំនួនទៀត​លក់​នៅ​ផ្សារ​ទី​រួម​ខេត្ត និង​តាម​យឿ​ត្រី​នៅ​រាជធានី​ភ្នំពេញ ចំណែក​ត្រី​នុយ​លក់​អោយ​វា​រី​វប្បករ​នៅក្នុង​តំបន់​។ 
​ទី​៤. ការធ្វើ​វារីវប្បកម្ម មាន​ពីរ​ប្រភេទ ចិញ្ចឹម​ក្នុង​ស្រះ និង​ចិញ្ចឹម​ក្នុង​បែរ​។ ប្រភេទ​ត្រី​ចិញ្ចឹម​ក្នុង​ស្រះ មាន​ប្រភេទ​ត្រី​ឆ្តោរ ត្រី​ប្រា ត្រី​ពោ បរិមាណ​ចិញ្ចឹម​ចាប់ពី ១០.០០០ ទៅ ៣០.០០០ ក្បាល​/​ស្រះ និង​ចិញ្ចឹម​តាម​បែរ មាន​ប្រភេទ ត្រី​រ៉ស់ និង​ត្រី​អណ្តែង បរិមាណ​ចិញ្ចឹម​ចាប់ពី ១.០០០ ទៅ ៥.០០០ ក្បាល​/​បែរ​។ 

​សូម​ជម្រាបជូន​ថា​៖ សកម្ម​ភាពចុះ​សិក្សា​វាយតម្លៃ​លើ​ការធ្វើ​អាជីវកម្ម​ត្រី ត្រី​នុយ វារីវប្បកម្ម និង​ចរន្ត​ទីផ្សារ​ច្រកចេញ​-​ចូល គឺជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​ត្រូវ​បានអនុម័ត​ដាក់​ឲ្យ​អនុវត្ត​នៅក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​២០២៣ របស់​អាជ្ញាធរ​ទន្លេសាប ។​
​សកម្មភាព​ខាងលើនេះ មាន​គោលបំណង​៖ 
- សិក្សា​តាមដាន​បរិមាណ នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​ត្រី និង​ត្រី​នុយ​។​
- ប្រភព និង​ប្រភេទ​ត្រី​នុយ​ដែល​ធ្វើ​អាជីវកម្ម​លើ​វារីវប្បកម្ម​។​
- ចរន្ត​ទីផ្សារ នៃ​ការធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​។