កិច្ចប្រជុំ​បូកសរុប​ការអនុវត្ត​ផែនការ​សកម្មភាព​ឆ្នាំ ២០១៧ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​របស់​អាជ្ញាធរ​ទន្លេ​សាប​

​នាព្រឹក​ថ្ងៃ ពុធ ១ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៨ នៅ​សាលប្រជុំ​ទីស្តីការក្រសួង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​សេចក្តីព្រាង​របាយការណ៍​សង្ខេប ស្តីពី​វឌ្ឍនភាព​ការងារ​អនុវត្តន៍​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០១៧ និង​លើក​ទិសដៅ​សកម្មភាព​អនុវត្តន៍​ការងារ​បន្ត​ប្រចាំឆ្នាំ ២០១៨ ដោយមាន​ការចូលរួម​ពី​ឯកឧត្តម អនុប្រធាន​អាជ្ញាធរ​ទន្លេសាប អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន​-​អនុប្រធាននាយកដ្ឋាន មន្ត្រី​ដំណាង​ក្រសួង មន្ត្រី​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​មន្ត្រី​បច្ចេកទេស​ចំណុះ​អគ្គលេខាធិការដ្ឋាន នៃ​អាជ្ញាធរ​ទន្លេសាប ។​
​កិច្ចប្រជុំ​នេះ ក្នុង​គោលបំណង​៖
១- ពិនិត្យ​និង​កែសម្រួល​របាយការណ៍​ស​ង្ខេ​ប ពី​វឌ្ឍនភាព​ការងារ​អនុវត្តន៍​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ ២០១៧
២- ពិភាក្សា ពី​ចំនុចខ្លាំង ចំនុចខ្សោយ ឧបសគ្គ បញ្ហា​ប្រឈម និង​ដំណោះស្រាយ ដើម្បី​លើក​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត ឆ្នាំ​២០១៨
៣- ផ្លាស់ប្តូរ​បទពិសោធ​ន៏ និង​ចែករំលែក​ចំណេះដឹង តាមរយៈ​ការអនុវត្ត​សកម្មភាព​កន្លងមក​។​
​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ និង​ទទួលបាន​នូវ​គំនិត ទស្សនៈវិស័យ ក្នុងការ​ចូលរួម លើកកម្ពស់​ប្រសិទ្ធភាព​ការអនុវត្ត​ការងារ​ស្នូល របស់​អង្គភាព និង​បន្តសកម្មភាព​អនុវត្ត​ផែនការ​ឆ្នាំ​២០១៨ ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​
៥​ឆ្នាំ របស់​អាជ្ញាធរ​ទន្លេសាប (២០១៦-២០២០) ទទួលបាន​ជោគជ័យ ។​