សកម្មភាព​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​

​នា​ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ​២០១៧ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ទន្លេសាប បាន​អញ្ជើញ​ចូលរួម​កម្មវិធី​វេទិការ​សាធារណៈ នៅ​ភូមិ​ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ក្រោម​អធិបតីភាព ឯកឧត្តម សន ស៊ីថន រដ្ឋលេខាធិការ​ក្រសួងផែនការ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​មូលដ្ឋាន​ស្រុក​មង្គល​បូរី ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក​អភិបាលរង​ស្រុក​មង្គល​បូរី សមាជិក​ក្រុមប្រឹក្សា​ស្រុក នាយក​រដ្ឋបាល​សាលាស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់​ឃុំ កងកម្លាំងប្រដាប់អាវុធ ប៉ូលីស កងរាជអាវុធហត្ថ និង​ប្រជាពលរដ្ឋ​ចូលរួម​ជាច្រើន​សរុប​ចំនួន ១៥០ នាក់​។ ក្រោយពី​បានទទួល​នូវ​សំណូមពរ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ ទាក់ទង​នឹង​ហេ​ដ្ឋេ​ច​នា​សម្ព័ន្ធ​ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ អគ្គិសនី និង​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ ឯកឧត្តម​ប្រធាន ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សាឃុំ​ពិនិត្យ និង​លើក​សកម្មភាព​ក្នុង​ផែនការអភិវឌ្ឍន៍ ដាក់បញ្ចូល​ទៅក្នុង​មូលនិធិ​ឃុំ​សម្រាប់​ឆ្នាំ​បន្តបន្ទាប់​ខាងមុខ​។ ឯកឧត្តម​បានស្នើ​សុំ​ឲ្យ​មន្ត្រីនគរបាល និង​អាវុធហត្ថ ចូលរួម​ពង្រឹង​បទដ្ឋាន​ចរាចរ ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ជាពិសេស​បញ្ហា​បទល្មើស​គ្រឿងញៀន និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​សុំ​ឲ្យ​ចូលរួម​សហការ លើ​បញ្ហា​នេះ​ឲ្យ​បានជា​សកម្ម​។​