នាថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមសន្និសិទបឹងពិភពលោកលើកទី ១៦ នៅទីក្រុង បាលី ប្រទេសឥណ្ឌូនេស៊ី។ ប្រធានបទនៃសន្និសិទនេះ គឺ សំដៅទៅលើការគ្រប់គ្រង សុខមាលភាពប្រព័ន្ធអេកូឡូស៊ីបឹង និងហានិភ័យនៃកត្តាប្រឈមផ្សេងៗ (Lake Ecosystem Health and Its Resilience: Diversity and Risks of Extinction) ដោយមានការអញ្ជើញចូលរួមពី ស្ថាប័នអ្នកស្រាវជ្រាវ សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ អង្គការជាតិនិងអន្តរជាតិ អ្នកវិទ្យាសាស្ត្រសហគមន៍មូលដ្ឋាន និងមន្ត្រីរដ្ឋាភិបាល ដែលមានចំនួនសរុប ៨០០ នាក់។ សន្និសិទនេះ បានរៀបចំចំនួន ១៥ លើកមកហើយចាប់តាំងពីឆ្នាំ ១៩៨៤ មានដូចជានៅ ប្រទេសអាហ្សង់ទីន, ចិន, ដាណឺម៉ាក, ហុងហ្គារី, ឥណ្ឌា, អ៊ីតាលី, ជប៉ុន, គេនយ៉ា និងសហរដ្ឋអាមេរិច ដើម្បីសហប្រត្តិបតិការ និងផ្លាស់ប្តូរនូវបទពិសោធន៍ថ្មីៗនៃការគ្រប់គ្រងបឹងប្រកបដោយចីរភាព។ សម្រាប់កិច្ចប្រជុំនៅទីក្រុងបាលីប្រទេសឥណ្ឌូនេស៊ីនេះ គឺរៀបចំឡើងដោយ មានគាំទ្រពីក្រសួងបរិស្ថាន និងរុក្ខាប្រម៉ាញ់ (Ministry of Environment and Forestry), ក្រសួងកិច្ចការ សាធារណៈ និងគេហដ្ឋាន (Ministry of Public Works and Housing) នៃប្រទេសឥណ្ឌូនេស៊ី និងគណៈកម្មាធិការ អន្តរជាតិ បរិស្ថានបឹង (International Lake Environment Committee- ILEC) ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។