សកម្មភាព​ចូលរួម​កិច្ចប្រជុំ​បូកសរុប​ការងារ​របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​

នា​ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ​២០១៦ ឯកឧត្តម ខូវ មាស អគ្គលេខាធិការរង អាជ្ញាធរ​ទន្លេសាប និង​ជា​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំ ឆមាស​ទី ១ ឆ្នាំ ២០១៦ ស្តីពី ការត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​អធិបតីភាព​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបន្ទាយមានជ័យ​។ ឯកឧត្តម សួន បវរ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ បានធ្វើ​សេចក្តីរាយការណ៍​អំពី​លទ្ធផល​ការងារ​ដែល​ក្រុមការងារ​ថ្នាក់ជាតិ​បាន​ចុះ​គ្រប់​មូលដ្ឋាន​ស្រុក​ទាំង​អស់នៃ​ខេត្តបន្ទាយមានជ័យ​នាពេល​កន្លងមក ឯកឧត្តម បានបញ្ជាក់​អំពី​សំណូមពរ និង​បញ្ហា​ប្រឈម​ផ្សេងៗ​ដែល​ក្រុមការងារ​ទទួលបាន​ពី​កម្មវិធី​វេទិកាសាធារណៈ​នាពេល​កន្លងមក និង​បាន​ចូលរួម​ដោះស្រាយ​យ៉ាងសកម្ម ជាពិសេស​ពី​សំណាក់​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលជា​ប្រធាន​ក្រុមការងារ​។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​លទ្ធផល​នាពេល​កន្លងមក និង​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​បន្ថែមទៀត​ជូន​ដល់​ក្រុមការងារ យកទៅអនុវត្ត​បន្ត​ក្នុងទិសដៅ​ដើម្បី​ទទួលបាន​នូវ​ប្រសិទ្ធិភាព​ការងារ​ខ្ពស់​។